កងកម្លាំងសន្តិសុខឥណ្ឌា ជាង២០នាក់ បានស្លាប់ ក្នុងការវាយប្រហារ របស់ពួកម៉ៅនិយម
បរទេស ៖ សមាជិកកងកម្លាំងសន្តិសុខឥណ្ឌា តិចបំផុត២២នាក់ ត្រូវពួកម៉ៅនិយមសម្លាប់ នៅក្នុងរដ្ឋមួយស្ថិតនៅភាគកណ្ដាលរបស់ប្រទេសឥណ្ឌា នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ធ្វើឡើងដោយក្រុមបះបោរឆ្វេង ជ្រុលនិយម នៅក្នុងឆ្នាំនេះ ។
នៅក្នុងទីក្រុង Raipur រដ្ឋ Chhattisgarh មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងអាចបញ្ជាក់បានថា សមាជិកកងកម្លាំងឥណ្ឌា ចំនួន២២នាក់ ត្រូវបានពួកម៉ៅនិយមសម្លាប់” ។
យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន The JERUSALEM POST នៅថ្ងៃទី០៤ ខែមេសា ឆ្នំា២០២១ បានឲ្យដឹងថា ពួកគេទាំងនោះ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ បាញ់ប្រហារប្រព្រឹត្តទៅរយៈពេល៤ម៉ោង ក្នុងស្រុក Sukma ស្ថិតនៅតាមព្រំដែនចម្ងាយ៥៤០គីឡូម៉ែត្រ ខាងត្បូងទីក្រុង Raipur ។
ចំណែកលោក Om Prakash Pal ជាមន្ត្រីប៉ូលិសជាន់ខ្ពស់ មួយរូបនៅក្នុងទីក្រុង Raipur បានមានប្រសាសន៍ប្រាប់ថា ការធ្វើប្រតិបត្តិការនានា ដើម្បីស្វែងរកសមាជិកកងកម្លាំង សន្តិសុខកំពុងបាត់ខ្លួនមួយរូប កំពុងតែប្រព្រឹត្តទៅ៕
អតីតរដ្ឋមន្រ្តី ពាណិជ្ជកម្មអូស្រ្តាលី ជំរុញឱ្យកង់បេរ៉ា ផ្តាច់ទំនាក់ទំនងជាមួយចិន ដោយប្រដូចលោក ស៊ីជីនពីង ទៅនឹង លោក ម៉ៅសេទុង
បរទេស ៖ ចំណងទាក់ទងរវាងប្រទេស ចិន – អូស្ត្រាលី កាន់តែយ៉ាប់យ៉ឺននៅឆ្នាំ ២០២០ នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ពន្ធគយ ៨០ ភាគរយលើការនាំចូលស្រូវ សាលីរបស់ អូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់ប្រទេសប៉ាស៊ីហ្វិក ឱ្យធ្វើការស៊ើបអង្កេត ជាអន្តរជាតិ អំពីប្រភពដើម របស់វីរុសកូវីដ១៩ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អូស្រ្តាលី លោក Tom Kenyon បានជំរុញ ឱ្យរដ្ឋាភិបាល ទីក្រុងកង់បេរ៉ា កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច របស់ខ្លួនជាមួយរដ្ឋាភិបាល ទីក្រុងប៉េកាំង ដោយបានគូសវៀសភាព ស្រដៀងគ្នា រវាងប្រធានាធិបតីចិនលោក ស៊ីជីនពីង និងលោក ម៉ៅសេទុង។
នៅក្នុងបទសម្ភាសន៍ ជាមួយព្រីនព័ត៌មានចុងសប្តាហ៍អូស្ត្រាលី Weekend Australian កាលពីថ្ងៃសៅរ៍ លោក Kenyon បាននិយាយថា អូស្រ្តាលី “ចាំបាច់ត្រូវចាប់ផ្តើម ដកសេដ្ឋកិច្ចពីប្រទេសចិន ឬយ៉ាងហោចណាស់កំណត់ ការប៉ះពាល់របស់ខ្លួនចំពោះសេដ្ឋកិច្ចចិន។
យោងទៅតាមលោក, ទំនាក់ទំនងរវាងអូស្រ្តាលីនិងចិន បានផ្លាស់ប្តូរជាមូលដ្ឋាន ចាប់តាំងពីលោកបានបម្រើការ ជារដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងឆ្នាំ ២០១០ ។
លោក Kenyon បានរំលឹកថា នៅពេលដែលលោកកាន់តួនាទី ជារដ្ឋមន្ត្រីនៅពេលនោះ គឺជាថ្ងៃចុងក្រោយនៃពាក្យប្រធានាធិបតីចិនហ៊ូជីនតាវ និងអូស្រ្តាលី រួមជាមួយពិភពលោកផ្សេងទៀត បានចូលរួមជាមួយប្រទេសចិន ដោយរំពឹងថា ក្រុងប៉េកាំងនឹងកាន់តែបើកចំហនិងសហការគ្នាកាន់តែច្រើន។
អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថាអ្វីៗទាំងអស់បានផ្លាស់ប្តូរ «ក្នុងរយៈពេលពីរ បីខែប៉ុណ្ណោះ នៅពេលដែលប្រធានាធិបតីចិនបច្ចុប្បន្ន និងជាអចិន្រ្តៃយ៍ បានចូលកាន់តំណែងក៏ដូចជាបន្តតួនាទី របស់គាត់ដឹកនាំបក្សកុម្មុយនិស្តចិន [CCP]»៕
រដ្ឋមន្រ្តីសុខាភិបាលថៃ ៖ អ្នកទៅលេងផ្ទះអំឡុង ពេលបុណ្យចូលឆ្នាំថ្មី គឺមិនចាំបាច់ធ្វើ ចត្តាឡីស័កនោះទេ
បរទេស ៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃអង្គារថា អ្នកដំណើរពីទីក្រុងបាងកក និងតំបន់គ្រោះថ្នាក់ផ្សេងទៀត ទៅកាន់ខេត្តកំណើត របស់ពួកគេ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នឹងមិនត្រូវបានដាក់ឱ្យនៅដាច់ពីគេ ឬ ធ្វើចត្តាឡីស័ក នោះទេ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Anutin បាននិយាយថា ទោះបីជាខេត្តនានាត្រូវបានបែងចែក ទៅជាតំបន់ដែលត្រូវបានកំណត់ ដោយពណ៌ យោងតាមអត្រាឆ្លង ប៉ុន្តែគ្មានខេត្តណាមួយ ត្រូវបានគេចាក់សោរ ឬ បិទឡើយ ។ ប្រជាជននៅតែអាចធ្វើដំណើរទៅខេត្តផ្សេងទៀត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក នៅពេលមកដល់គោលដៅ របស់ពួកគេ។
រដ្ឋមន្រ្តីសុខាភិបាលថៃ រូបនេះបន្ថែមថា មានតែអ្នកដែលឆ្លងវីរុស ឬត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ប៉ុណ្ណោះ ដែលនឹងត្រូវទុកឱ្យនៅដាច់ពីគេ។
លោក Anutin បានមានប្រសាសន៍ ថា តាមយោបល់ ដែលអ្នកដំណើរមកពីខេត្ត ដែលត្រូវបានកំណត់ថា ជាតំបន់ក្រហមអាចបង្កការ ព្រួយបារម្ភនៅពេល មកដល់ខេត្តផ្សេងៗ ៕
អ៊ីរ៉ង់ ចាប់ខ្លួនចារកម្ម របស់អ៊ីស្រាអែល
បរទេស ៖ គេហទំព័រព័ត៌មានរបស់អ៊ីរ៉ង់មួយ បានចេញសេចក្តី រាយការណ៍មួយ នៅថ្ងៃចន្ទនេះថា អាជ្ញាធរ របស់ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានចាប់ខ្លួនចារកម្ម របស់អ៊ីស្រាអែលមួយរូប ប៉ុន្តែមិនបានបញ្ជាក់ ពីសញ្ជាតិរបស់បុគ្គលនោះទេ ។
គេហទំព័រព័ត៌មាន Young Journalists Club បានដកស្រង់សម្តីមន្ត្រីក្រសួង ចារកម្មមួយរូប យ៉ាងដូច្នេះថា “ចារកម្មអ៊ីស្រាអែលមួយរូប ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត East Azerbaijan ប្រទេសអ៊ីរ៉ង់ ហើយចារកម្មផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធ នឹងទីភ្នាក់ងារចារកម្ម របស់ប្រទេសមួយចំនួន ក៏ត្រូវបានចាប់ខ្លួនដែរ” ។
សាធារណរដ្ឋឥស្លាម បានបដិសេធមិនទទួលស្គាល់ប្រទេស អ៊ីស្រាអែល និងបានចោទប្រទេសនេះ ពីបទនៅពីក្រោយសកម្មភាព បំផ្លិចបំផ្លាញនានា និងការធ្វើឃាត អ្នកវិទ្យាសាស្ត្រនានា ដែលពាក់ព័ន្ធក្នុងកម្មវិធី នុយក្លេអ៊ែរបស់អ៊ីរ៉ង់ ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់មួយរូប ដែលជាប់ទោសពីបទស៊ើបការណ៍ សម្ងាត់ឲ្យទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក និងអ៊ីស្រាអែល ត្រូវបានគេប្រហារជីវិត នៅក្នុងឆ្នាំ២០២០ ៕
បវរកញ្ញាមីយ៉ាន់ម៉ា ត្រូវយោធាចេញដីការចាប់ខ្លួន និងចេញដីកាចាប់ខ្លួនមួយទៀត ចំពោះជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃ
បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសថៃនិង ប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនបវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវរបស់ នាងអំពីការតស៊ូទាមទាររកប្រជាធិបតេយ្យរបស់បរទេស និងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកាចាប់ខ្លួនជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ។
យោងតាមវែបសាយ angelopedia ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានការបញ្ជាក់ណាមួយអំពីព័ត៌មាននេះទេ ប៉ុន្តែមានប្រភពជាច្រើនដែលបានបង្ហាញថា កញ្ញា Han Lay បានឡើងទៅលើវេទិកា Miss Grand International ឆ្នាំ ២០២០ ហើយនិយាយនិងស្នើសុំជំនួយអន្តរជាតិ ដោយមានអន្តរាគមន៍ពីយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នាងមិនបានឈ្នះការប្រកួតប្រជែងនោះទេ ប៉ុន្តែនាងត្រូវបានគេស្គាល់ថា ជាអ្នកតស៊ូ ងប់ងល់ម្នាក់ដែលបានអង្វររកជំនួយ អន្តរជាតិសម្រាប់ប្រទេសរបស់នាង។
បវរកញ្ញា Miss Grand មីយ៉ាន់ម៉ាឆ្នាំ ២០២០ Han Lay បានឡើងទៅកាន់ឆាក Miss Grand International ឆ្នាំ ២០២០ ហើយបានបញ្ចេញសំលេងប្រឆាំងនឹងរបបយោធាដោយនិយាយថា សកម្មភាពរបស់នាងទើបតែចាប់ផ្តើម។ នាងបានលើកឡើងថា“ ថ្ងៃនេះនៅក្នុងប្រទេសរបស់ខ្ញុំ ប្រទេសមីយ៉ាន់ម៉ាមានមនុស្សស្លាប់ជាច្រើន។
សូមជួយមីយ៉ាន់ម៉ាផង យើងត្រូវការជំនួយអន្តរជាតិបន្ទាន់របស់អ្នកឥឡូវនេះ។ ខ្ញុំនឹងបន្តក្លាយជាសំលេងតស៊ីរបស់ប្រជាជនមីយ៉ាន់ម៉ានៅពេលដែលខ្ញុំចាត់ទុកថា នេះជាទំនួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំនឹងប្រើវេទិកាអន្តរជាតិក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយដល់សហគមន៍អន្តរជាតិ៕
ចិន និយាយថា នាវាផ្ទុកយន្តចម្បាំង របស់ខ្លួន នឹងបន្តធ្វើ សមយុទ្ធយោធា កាន់តែញឹកញាប់ ក្បែរកោះតៃវ៉ាន់
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ កងកម្លាំងកងទ័ពជើងទឹករបស់ប្រទេសចិន បានបញ្ជាក់ថាក្រុមនាវាផ្ទុកយន្តហោះចម្បាំងមួយក្រុម របស់ខ្លួនដែលកំពុងប្រតិបត្តិការ នៅក្បែរកោះតៃវ៉ាន់នោះនឹងបន្តធ្វើបែបនេះជាញឹក ញាប់បន្ថែមទៀតជាលក្ខណៈសមយុទ្ធយោធា ក្នុងពេលដែលភាពតានតឹង រវាងភាគីទាំងពីរហាក់ដូចជា មិនទាន់មាន ភាពធូរស្រាលនៅឡើយ។
ប៉ុន្មានខែចុងក្រោយនេះកោះតៃវ៉ាន់ បានធ្វើការរិះគន់ ជាច្រើនមែនទែនចំពោះ វត្តមាននិងសកម្មភាពយោធារបស់ចិន នៅក្បែរដែនកោះរបស់ខ្លួនទោះបី ជាបានដឹងហើយថាចិនមិនដែលបោះបង់ចោលនូវគំនិត ចង់ក្តោបក្តាប់ មកលើទឹកដី កោះតៃវ៉ាន់នោះឡើយ។
ជាការឆ្លើយតបកងកម្លាំងកងទ័ពជើងទឹកចិន បាននិយាយថា ក្រុមនាវាចម្បាំងរបស់ខ្លួនដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុត របស់ចិន Liaoning នឹងបន្តធ្វើប្រតិបត្តិការយោធារបស់ខ្លួនបែបនេះ រហូតបន្ថែម ទៀតនាពេលខាងមុខក្បែរដែនកោះតៃវ៉ាន់ ហើយក្នុងគោលបំនងសំខាន់ ដើម្បីពង្រឹងសមត្ថភាពការពារដែនដីរបស់ខ្លួន និងក៏ដើម្បីប្រយោជន៍របស់ជាតិផងដែរ៕
ក្រុមហ៊ុន Pfizer ដាក់ឈ្មោះអ៊ីស្រាអែលថា សាធារណរដ្ឋចេក និងបានបង្កកការបញ្ជូន វ៉ាក់សាំងដល់ប្រទេសនេះ ដោយសារមិនបានទូទាត់ប្រាក់ទាន់ពេល
បរទេស៖ ប្រជាជនអ៊ីស្រាអែលជាង ៤លាននាក់ បានទទួលការចាក់ថ្នាំ បង្ការវីរុសកូវីដ១៩រួចហើយ ពីរបស់ក្រុមហ៊ុន Pfizer and BioNTech ដែលផ្តល់ឱ្យប្រទេសនេះ មានអត្រាអ្នកចាក់វ៉ាក់សាំង ខ្ពស់បំផុតក្នុងលោក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់កាសែត Jerusalem Post ដោយដកស្រង់សំដីរបស់មន្រ្តីជាន់ខ្ពស់ នៃសាជីវកម្មឱសថបានអោយដឹងថា ថៅកែរបស់ក្រុមហ៊ុន Pfizer បានបញ្ឈប់ជាបណ្តោះអាសន្ន នូវការផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ទៅអោយប្រទេសអ៊ីស្រាអែល ដោយសារតែបញ្ហាវិក័យប័ត្រ ដែលមិនបានបង់ប្រាក់ដែលមានចំនួន ២,៥លានដូសចុងក្រោយ។
ការដឹកជញ្ជូនចំនួន ៧០០ ០០០ ដូស ដែលត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ ត្រូវបានគេរាយការណ៍ថា បានពន្យាពេលសម្រាប់ពេលវេលា ដែលមិនបានបញ្ជាក់។
អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុ Army Radio ក៏បានអះអាងនៅថ្ងៃច័ន្ទនេះដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានចាត់ទុកប្រទេសនេះថា ជាសាធារណរដ្ឋចេក ខណៈដែលពួកគេមានអារម្មណ៍មួរម៉ៅថា អសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុង Tel Aviv ក្នុងការចេញវិក័យប័ត្រ (បង់លុយ) ចំពេលមានភាពជាប់គាំងនយោបាយ ៕
តៃវ៉ាន់ និយាយថា នឹងបង្ខំចិត្តដើម្បីបាញ់ដ្រូន របស់ចិន នៅក្នុងសមុទ្រ ចិនខាងត្បូង
បរទេស ៖ យោងតាមការបញ្ជាក់ របស់រដ្ឋាភិបាល នៃកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានបញ្ជាក់ថា ខ្លួនបានកត់សំគាល់មើលឃើញថា ដ្រូនរបស់ប្រទេសចិន បានធ្វើការហោះហើរ នៅក្បែរដែន កោះរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយបន្តនឹងអាចឈាន ទៅដល់ការបង្ខំចិត្ត ក្នុងការបាញ់ទំលាក់ ជាមិនខានប្រសិនបើបន្តប្រតិបត្តិការ នៅជិតតៃវ៉ាន់បែបនេះ។
ទោះបីជាយ៉ាង ណាក្តីការ សម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា នឹងអាចធ្វើឲ្យភាពតានតឹង រវាងតៃវ៉ាន់និងរដ្ឋាភិបាល ក្រុងប៉េកាំងកាន់តែឡើងកំដៅ ជាមិនខាននេះ បើយោងតាមការ ចេញផ្សាយ របស់កាសែត CNA នៅថ្ងៃពុធដដែលនេះ។
ថ្លែងទៅកាន់សភាជាតិ លោក Lee Ching Wei ដែលជាប្រធានក្រុមប្រឹក្សា ផ្នែកកិច្ចការងារសមុទ្រ និងទទួលបន្ទុកកិច្ចការងារ ឃ្លាំមើល សុវត្ថិភាពលើឈូងសមុទ្រ បាននិយាយថា ដ្រូន របស់ចិនបានហោះមកកៀក នឹងដែនកោះរបស់យើងមែនទែន ទោះបីជាមិនបានហោះពីលើដែនកោះក្តី។
ឆ្លើយតបទៅនឹងសំណួរថា តើក្រុមការពារដែនសមុទ្រ នឹងប្រតិបត្តិកម្មយ៉ាងណា ចំពោះបញ្ហានេះលោក Lee បានបញ្ជាក់ថា ប្រសិនបើវាពិតជាឈានចូលដែនទឹក របស់យើងនោះពួកយើង នឹងធ្វើតាមគោលការណ៍ ច្បាប់និងត្រូវតែបង្ខំចិត្ត បាញ់ទំលាក់តែម្តង ៕
អង់គ្លេស ចាប់ផ្តើមចែកចាយ និងប្រើប្រាស់វ៉ាក់សាំងទី៣ ក្រោយ AstraZeneca មានបញ្ហា
បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃពុធនេះបានឲ្យដឹងថា ចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើការ ចែកចាយវ៉ាក់សាំងទី៣របស់ខ្លួនហើយគឺជាវ៉ាក់សាំង របស់អាមេរិក ដែលមានឈ្មោះថា Moderna នៅក្រោយពេលសំណួរ ជាច្រើននៅបន្តកើតឡើង ចំពោះប្រសិទ្ធភាពរបស់ AstraZenecaនៅឡើយនោះ ។
វ៉ាក់សាំង Moderna ដែលត្រូវបានគេដឹងថា ត្រូវបានចែកចាយនៅក្នុងទ្វីបអ៊ឺរ៉ុបព្រមទាំងសហរដ្ឋអាមេរិកហើយនោះ នឹងក្លាយទៅជាវ៉ាក់សាំងថ្មីមួយទៀត សម្រាប់ការប្រើប្រាស់ នៅក្នុងប្រទេស អង់គ្លេសក្រៅតែពីវ៉ាក់សាំង ដែលអង់គ្លេសបានប្រើប្រាស់ភាគច្រើន នាពេលកន្លងមកគឺ AstraZenecaនិង Pfzier។
តាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson បានបញ្ជាក់ថា ការមកដល់របស់ Moderna គឺបានឆ្លុះបញ្ចាំងអំពីភាពចម្រុះគ្នានៃវ៉ាក់សាំងដែលត្រូវ បានប្រើប្រាស់នៅក្នុងប្រទេស អង់គ្លេស ហើយតាមផែនការ រដ្ឋាភិបាល បានធ្វើការបញ្ជាទិញ សរុបប្រមាណ ជា១៧លានដូស ហើយវានឹងអាចចែកចាយទៅដល់គ្រប់ ទីកន្លែង ក្នុងប្រទេសអង់គ្លេស ក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះហើយ៕
កម្មករកូរ៉េខាងជើង នៅរុស្ស៊ីរត់ទៅកូរ៉េខាងត្បូង ដើម្បីគេចពីការពិន័យ
បរទេស៖ កម្មករកូរ៉េខាងជើង ចំនួន៣នាក់ ដែលត្រូវគេចាប់ឃុំខ្លួន នៅក្នុងប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ត្រូវបានដោះលែង ឲ្យមានសេរីភាព និងអនុញ្ញាតឲ្យធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបើយោង តាមសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន Baikal Daily បានរាយការណ៍ថា អតីតកម្មករ ជាជនជាតិកូរ៉េខាងជើង បានជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី សម្រាប់រយៈពេល ប្រហែលពីរឆ្នាំ ក្រោយប៉ុនប៉ងរត់ភៀសខ្លួន ចេញពីប្រទេស។ រុស្ស៊ីពីមុនបានបំពាន ទណ្ឌកម្ម ដែលដាក់លើកូរ៉េខាងជើង តាមរយៈការបន្តទទួលពលករពីកូរ៉េខាងជើង។
សកម្មជននៅក្នុង សាធារណរដ្ឋ Buryatia ជាផ្នែកនៃសហព័ន្ធរុស្ស៊ី បាននិយាយថា កម្មករទាំងនោះ នឹងរងការពិន័យ ប្រសិនបើពួកគេវិលត្រឡប់ ទៅប្រទេសកូរ៉េខាងជើងវិញ ហើយតាមសេចក្តីរាយការណ៍ សកម្មជននានា បានធ្វើយុទ្ធនាការសម្រាប់ អ្នកទោសទាំងនោះ មុនពេលពួកគេត្រូវបានដោះលែង។
យោងតាមកាសែត Baikal Daily បានឲ្យដឹងថា លោក Alexandra Myakhanova ជាមេធាវីនិងជាសកម្មជនយុត្តិធម៌ សង្គមក្នុងតំបន់ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “សំណាងល្អ ជនជាតិកូរ៉េខាងជើង ទាំងនោះ ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរទៅ ប្រទេសកូរ៉េខាងត្បូង ហើយពួកគេមានសុវត្ថិភាព”៕
អ្នកជំនាញ វីរុស របស់ថៃថា វីរុសបំលែងខ្លួនថ្មី រកឃើញនៅ អង់គ្លេស បានឆ្លងចូលដល់ថៃ គឺប្រហែលនាំចូលពីកម្ពុជា
បរទេស៖ អ្នកជំនាញខាងវីរុសម្នាក់បានកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ថា មេរោគដែលបំលែងខ្លួនថ្មីរកឃើញនៅចក្រភពអង់គ្លេស បានរីករាលដាលចូលប្រទេសថៃ គឺប្រហែលជាត្រូវបាននាំចូលពីប្រទេសកម្ពុជា ដោយជនជាតិថៃឆ្លងកាត់ព្រំដែន ឬពលករចំណាកស្រុក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សាស្រ្តាចារ្យ Yong Pooverawan នៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា វីរុសបំលែងខ្លួនថ្មីនៅចក្រភពអង់គ្លេស ត្រូវបានរកឃើញនៅក្នុងប្រជាជនឥណ្ឌានិងចិន ដែលបានចូលប្រទេសកម្ពុជាកាលពីខែកុម្ភៈ។
លោកបាននិយាយនៅក្នុងការបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោកថា ករណីដំបូងត្រូវបានគេរាយការណ៍នៅទីនោះ (កម្ពុជា)។ វីរុសដែលបំលែងខ្លួនថ្មី ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសបានរីករាលដាលនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីពេលនោះមក៕
ចិន បង្ហាញសាច់ដុំយោធា នៅជុំវិញកោះតៃវ៉ាន់
បរទេស៖ យោធារបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើសមយុទ្ធដែនអាកាសនិងលើសមុទ្រ នៅជិតកោះតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំង បន្តជំទាស់ប្រឆាំងនឹងចំណងមិត្តភាព កាន់តែជិតស្និទ្ធខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិ ។
ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នៅពេលថ្មីៗនេះថា កងកម្លាំងយោធារបស់ប្រទេសចិន បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាអមដំណើររបស់វា ទៅក្នុងដែនទឹកស្ថិតនៅជិតកោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធហ្វឹកហាត់ តាមបែបប្រក្រតីមួយ។
សេចក្តីថ្លែងការណ៍ របស់ប្រទេសចិនបាននិយាយថា សមយុទ្ធនោះ គឺត្រូវបានរៀបចំឡើង តាមផែនការការងារប្រចាំឆ្នាំ ដើម្បីតេស្តប្រសិទ្ធភាព នៃការហ្វឹកហាត់របស់កងទ័ព និងពង្រឹងសមត្ថភាពពួកគេ ក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍ នៃការអភិវឌ្ឍនានា។
សមយុទ្ធនោះ តាមសេចក្តីរាយការណ៍ គឺបានធ្វើឡើងនៅថ្ងៃចន្ទ ហើយកាលពីមួយសប្ដាហ៍មុន ក្រសួងការពារជាតិជប៉ុន បានបង្ហាញរូបថតនាវាផ្ទុកយន្តហោះ Liaoning ដែលធ្វើដំណើរកាត់តាមច្រកសមុទ្រ Miyako នៅជិតកោះអូគីណាវ៉ា ៕