ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ និងចិន៖ ​កិច្ចពិភាក្សាគ្នា​ ស្តីពីអ៊ីរ៉ង់នឹងបន្តជាថ្មី​ នៅសប្ដាហ៍ក្រោយ

បរទេស៖​ ប្រេសិតមកពីប្រទេសចិន​ និងប្រទេសរុស្ស៊ី​ដែលត្រូវចូលរួម ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រនេះថា មានការវិវត្តទៅមុខក្នុងកិច្ចប្រឹងប្រែង នាំសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ឲ្យវិលត្រឡប់ធ្វើការអនុវត្ត​តាម កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ និងថា គ្រប់ភាគីទាំងអស់ នឹងជួប្រជុំគ្នាជាថ្មីនៅសប្ដាហ៍ក្រោយ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វីតធ័រ លោក Mikhail Ulyanov ជាប្រេសិតរុស្ស៊ីប្រចាំនៅក្រុមឃ្លាំមើល​គ្រាប់អាតូមិកអង្គការសហប្រជាជាតិ បាននិយាយយ៉ាងដូច្នេះថា “អ្នកចូលរួមក្នុងកិច្ចព្រមព្រៀង JCPOA បានចាប់យកការងារជាច្រើន ​ដែលសម្រេចដោយអ្នកជំនាញ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ និងបានកត់សម្គាល់ឃើញនូវការពេញចិត្ត ក្នុងដំណើរវវត្តទៅមុខដំបូង​ដែលបានបង្កើតឡើង”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA News នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រេសិតរុស្ស៊ីរូបនេះ បាននិយាយបន្តយ៉ាងដូច្នេះថា “គណៈកម្មការ នឹងជួប្រជុំគ្នាជាថ្មីម្តងទៀត នៅសប្ដាហ៍ក្រោយ ក្នុងគោលបំណងរក្សាសន្ទុះវិជ្ជមាន”។

ចំណែកលោក Wang Qun ជាឯកអគ្គរដ្ឋទូតចិនប្រចាំ នៅក្រុមឃ្លាំមើល​គ្រាប់អាតូមិកអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា “គ្រប់ភាគីទាំងអស់ បានកាត់បន្ថយការខ្វែងគំនិតគ្នារបស់ខ្លួន ហើយយើងពិតជាឃើញសន្ទុះ​ សម្រាប់ស្រុះស្រួលគ្នាជាឯកច្ឆ័ន្ទ វិវត្តបន្តិចម្តងៗ”។ ក្រុមការងារនិងមន្ត្រីការទូតជាន់ខ្ពស់ នឹងបង្កើនការពិភាក្សាគ្នា នៅសប្ដាហ៍ក្រោយ​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top