បរទេស៖ប្រទេសកូរ៉េខាងត្បូង និងប្រទេសឥណ្ឌូនេស៊ី តាមសេចក្តីរាយការណ៍ នៅតែគ្មានការវិវត្តទៅមុខក្នុងកិច្ចចរចាបែកចែកចំណាយ សម្រាប់ការអភិវឌ្ឍផលិតយន្តហោះចម្បាំង KF-X ក្រោយជំនួបមួយរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរនៅក្នុងទីក្រុងសេអ៊ូល។
យោធារបស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយកិច្ចពិភាក្សាគ្នារវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ថា ភគីទាំងពីរបានព្រមព្រៀងគ្នាចំពោះការរួមគ្នាអភិវឌ្ឍផលិតយន្តហោះចម្បាំង KF-x/IF-x។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Segye Ilbo នៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា គម្រោងនោះតំណាងឲ្យចំណងមិត្តភាពប្រកបដោយទំនុកចិត្តដ៏រឹងមាំ រវងប្រទេសទាំងពីរ។
តែខណៈដែលសេចក្តីថ្លែងការណ៍នោះមិននិយាយដល់បញ្ហាបែងចែកចំណាយនោះ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូប បានប្រាប់កាសែត MBC ថា មិនមានការលើកឡើងជាក់លាក់អំពីការបែកចែកបន្ទុកចំណាយទេ ប៉ុន្តែឥណ្ឌូនេស៊ីមានឆន្ទៈបន្តជាមួយគម្រោងនេះ៕
ប្រែសម្រួល៖ប៉ាង កុង