បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ៨២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលមួយថ្ងៃ ក្នុងការបង្ក្រាបមួយដោយកងកំលាំង សន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ, នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឯករាជ្យ និងអង្គការមួយ ដែលតាមដានពីការស្លាប់ និងរបួសចាប់តាំងពីកងកំលាំងយោធារឹបអូស អំណាចកាលពីខែកុម្ភៈ ។
យោងតាមសារព័ត៌មាន Khon2 ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់កើតឡើងច្រើន កាលពីថ្ងៃសុក្រនៅទីក្រុង Bago ក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីថ្ងៃទី១៤ ខែមីនា នៅពេល មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេស មីយ៉ាន់ម៉ា។ ក្រុង Bago មានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ (៦០ ម៉ៃល៍) ភាគឦសានទីក្រុងយ៉ាំងហ្គោន។ សារព័ត៌មាន Associated Press មិនអាចបញ្ជាក់ពីចំនួនអ្នកស្លាប់ ដោយឯករាជ្យបានទេ ។
ចំនួនអ្នកស្លាប់ចំនួន ៨២នាក់ គឺជាតួលេខបឋមមួយ ដែលត្រូវបានចងក្រងដោយសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយដែលចេញ នូវចំនួនអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ និងការចាប់ខ្លួនពីការបង្ក្រាប នៅក្រោយរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រីអ៊ុងសានស៊ូជី ចេញពីអំណាច ៕
ប្រែសម្រួលៈ ណៃ តុលា