ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡំាង​ ៖ ​លក្ខខណ្ឌខ្លះ ត្រូវតែបំពេញ ដើម្បីកិច្ចពិភាក្សាបន្ថែមទៀត ស្តីពីបញ្ហាអ៊ុយក្រែន ភាគខាងកើត

បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអាទិត្យនេះថា លក្ខខណ្ឌខ្លះ ដែលបានគូសបង្ហាញ ក្នុងកិច្ចព្រមព្រៀង សន្តិភាពទីក្រុងមីនស្កិ៍ ស្តីពីបញ្ហាប្រទេសអ៊ុយក្រែន ភាគខាងកើត ត្រូវតែបានបំពេញ នៅមុនកិច្ចពិភាក្សាគ្នា បន្ថែមទៀត ។

មន្ត្រីនាំពាក្យវិមានក្រឹមឡំាង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីក្នុងខណៈនិយាយ នៅប៉ុស្តិ៍ទូរទស្សន៍រដ្ឋថា ទីប្រឹក្សានយោបាយ កំពុងតែធ្វើការងារ លើកិច្ចពិភាក្សាបែបនោះ ដែលអាចទៅរួច ក្រោមទម្រង់ដែលគេហៅថា Normandy ប៉ុន្តែទីភ្នាក់ងារនានា នៅពេលភ្លាមៗនេះ មិនទាន់ផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ ។

តាមសេចក្តីរាយការណ៍ កិច្ចពិភាក្សាតាមបែបទម្រប់ Normandy បាននាំរួមគ្នាឲ្យមេដឹកនាំប្រទេសអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ជួយបញ្ចប់ជម្លោះនៅក្នុងប្រទេស អ៊ុយក្រែន ភាគខាងកើត រវាងកងកម្លាំង របស់ទីក្រុងកៀវ និងពួកប៉ះបោរគាំទ្ររុស្ស៊ី ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រទេសបារាំង និងអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ បង្ហាញនូវក្តីព្រួយបារម្ភជុំវិញ ការបំពានបទឈប់បាញ់គ្នាកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត ស្របពេលមានសេចក្តីរាយការណ៍អំពីការបង្កើនយោធារុស្ស៊ី នៅតាមតំបន់ជាប់ប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ប៉ាង កុង

To Top