បរទេស ៖ មេទ័ពហ្វីលីពីន បាននិយាយ នៅថ្ងៃអាទិត្យនេះថា ទាហានហ្វីលីពីន និងសហរដ្ឋអាមេរិក នឹងធ្វើសហសមយុទ្ធយោធា រយៈពេលពីរសប្ដាហ៍មួយ ចាប់ពីថ្ងៃចន្ទទៅ ដែលជាការបន្តព្រឹត្តិការណ៍ ហ្វឹកហាត់ប្រចាំឆ្នាំ ក្រោយការលុបចោល កាលពីឆ្នាំមិញ ដោយសារតែការរាតត្បាត នៃជម្ងឺកូវីដ១៩ ។
តាមសេចក្តីរាយការណ៍ ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសទាំងពីរ បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ពិភាក្សាអំពីសមយុទ្ធយោធា ស្ថានភាពនៅដែន សមុទ្រចិនខាងត្បូង និង ការវិវត្តសន្តិសុខ ក្នុងតំបន់ថ្មីៗនេះ ។
ប៉ុន្តែមិនដូចទៅនឹង សមយុទ្ធយោធាពីមុន សមយុទ្ធ Balikatan នៅឆ្នាំនេះ ដែលតេស្តពីភាពត្រៀម លក្ខណៈជាស្រេចរបស់យោធា ក្នុងការឆ្លើយតប ចំពោះការគម្រាមកំហែងនានា ដូចជាគ្រោះមហន្តរាយធម្មជាតិ និងការវាយប្រហារជ្រុល និយមនៃពួកសកម្មប្រយុទ្ធនោះ នឹងបន្ថយ ទំហំឲ្យតូចជាងមុន ។
ក្នុងសមយុទ្ធយោធា របស់ប្រទេសទាំងពីរនាឆ្នាំនេះ នឹងមានត្រឹមតែកងទ័ព១.៧០០នាក់ប៉ុណ្ណោះចូលរួម គឺ៧០០នាក់មកពីសហរដ្ឋអាមេរិក និង១.០០០នាក់មកពីហ្វីលីពីន មិនដូចទៅនឹងសមយុទ្ធពីមុន ដេលមានទាហាន ចូលរួមដល់ទៅ៧.៦០០នាក់ នេះបើតាមសម្តីរបស់លោកឧត្តមសេនីយ៍ Cirilito Sobejana៕
ប្រែសម្រួល៖ប៉ាង កុង