វ៉ាស៊ីនតោន ៖ រដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក បានបិទជាបណ្តោះអាសន្ន នូវកន្លែងចាក់វ៉ាក់សាំងមួយចំនួន បន្ទាប់ពីប្រជាជនទទួល រងនូវប្រតិកម្មមិនល្អ ចំពោះការចាក់បង្កា ជំងឺកូវីដ-១៩ Johnson & Johnson របស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
មនុស្សសរុបចំនួន ១៨ នាក់នៅរដ្ឋ North Carolina បានរាយការណ៍ ពីផលប៉ះពាល់ខណៈមនុស្ស ១១ នាក់នៅរដ្ឋខូឡូរ៉ាដូ ប្រតិកម្មនឹងការចាក់វ៉ាក់សាំង ខាងលើនេះ ដែលមានរោគសញ្ញា រាប់ចាប់ពីវិលមុខ ចង្អោរ និងសន្លប់ជាដើម។
ហ្សកហ្ស៊ី គឺជារដ្ឋទី ៣ របស់សហរដ្ឋអាមេរិក ដែលបានបិទកន្លែងចាក់វ៉ាក់សាំង ជាបណ្តោះអាសន្ន បន្ទាប់ពីរដ្ឋ North Carolina និងរដ្ឋខូឡូរ៉ាដូ បន្ទាប់ពីមនុស្ស ៨ នាក់ទទួលរងនូវប្រតិកម្មមិនល្អ បន្ទាប់ពីការចាក់វ៉ាក់សាំងនេះរួច ។
យោងតាមមន្រ្តីមូលដ្ឋាន បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការវាយតម្លៃមុន នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញ។ មនុស្ស ៧ នាក់ទៀតត្រូវបានបញ្ជូនទៅផ្ទះវិញ បន្ទាប់ពីត្រូវបានត្រួតពិនិត្យ នៅកន្លែងនោះភ្លាមៗ ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា ការវិភាគរបស់ខ្លួន “មិនបានរកឃើញបញ្ហាសុវត្ថិភាព ឬហេតុផលណាមួយ ដែលគួរឱ្យព្រួយបារម្ភនោះទេ” ។ ទីភ្នាក់ងារបានផ្តល់យោបល់ថា អ្នកផ្តល់សេវាថែទាំសុខភាព បន្តគ្រប់គ្រងវ៉ាក់សាំង Johnson & Johnson។
បញ្ហាមួយទៀតដែលវ៉ាក់សាំង Johnson & Johnson កំពុងប្រឈម គឺការចែកចាយវ៉ាក់សាំង។ តាមការឲ្យដឹងពីមន្ត្រីសហព័ន្ធ និងទិន្នន័យរបស់សហព័ន្ធ បានឱ្យដឹងថា ការផ្គត់ផ្គង់វ៉ាក់សាំង Johnson & Johnson ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៨៥ ភាគរយនៅទូទាំងប្រទេសនៅសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុននេះបានទទួលរងនូវបញ្ហា ផលិតកម្មនៅឯរោងចក្រមួយ ក្នុងទីក្រុងបាល់ទីម័រ រដ្ឋម៉ារីលែន៕
ដោយ ឈូក បូរ៉ា