ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាហ្សង់ទីន៖ វ៉ាក់សាំង Sinopharm មានប្រសិទ្ធិភាពខ្ពស់ ប្រឆាំងនឹងជំងឺកូវីដ-១៩

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា លោក Carla Vizzotti រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានថ្លែងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងកូវីដ-១៩ដែលបានផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសចិន គឺ Sinopharm មានប្រសិទ្ធិភាពខ្ពស់ប្រឆំាងនឹងជំងឺកូវីដ-១៩ ។

វ៉ាក់សាំង Sinopharm ត្រូវបានទទួលយកប្រើប្រាស់ដោយពលរដ្ឋអាហ្សង់ទីន ដែលមានប្រសិទ្ធិភាពស្រដៀងគ្នាទៅនឹងវ៉ាក់សាំង AstraZeneca ដែរ និងមានវ៉ាក់សាំងជាច្រើនទៀត “ប្រសិទ្ធិភាពរបស់វាគឺស្ទើរជិត៨០ភាគរយ” លោក Vizzotti បានថ្លែងដូច្នេះ ប្រាប់ដល់បណ្តាអ្នកសារព័ត៌មានទាំងឡាយ ។

លោក Vizzotti បានលើកឡើងទៀតថា ទិន្នន័យដែលបង្ហាញអំពីប្រសិទ្ធិភាពរបស់វ៉ាក់សាំង Sinopharm “គឺល្អណាស់… អ្វីដែលបង្ហាញឲ្យឃើញនោះគឺថា វា ជួយកាត់បន្ថយបានច្រើន និងអត្រាស្លាប់តិច” ដោយសារជំងឺនេះ ។

នៅក្នុងខែកុម្ភៈ អាហ្សង់ទីន បានសម្រេចផ្តល់អាជ្ញាបណ្ណក្នុងការទទួលយកការប្រើប្រាស់វ៉ាក់សាំង Sinopharm ជាបន្ទាន់ ដោយស្ថិតក្នុងកម្រិតមួយប្រកបដោយ “សុវត្ថិភាព” ទាំងប្រសិទ្ធិភាព និងការផ្តល់ភាពសុំានឹងជំងឺ ។

កាលពីថ្ងៃទី២៥ ខែមីនា អាហ្សង់ទីន បានផ្តល់អាជ្ញាបណ្ណឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm សម្រាប់ពលរដ្ឋដែលមានអាយុលើសពី៦០ឆ្នាំផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top