បរទេស ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា លោកស្រីមានឆន្ទៈចង់ធ្វើការងារ ជាមួយប្រទេស ដែលមានចិត្តដូចគ្នា នៅក្នុងអំឡុង ជួបជាមួយគណៈប្រតិភូ សហរដ្ឋអាមេរិក ដែលធ្វើទស្សនកិច្ចកោះ តៃវ៉ាន់ តំណាងឲ្យលោកប្រធានាធិបតី អាមេរិក ចូ បៃដិន ។
តាមសេចក្តីរាយការណ៍ លោកស្រី ត្សៃ អ៊ីងវិន បានធ្វើការស្វាគមន៍ចំពោះ គណៈប្រតិភូដឹកនាំដោយអតីតសមាជិក ព្រឹទ្ធសភាអាមេរិក លោក Chris Dodd នៅការិយាល័យ របស់លោកស្រី ក្នុងទីក្រុងតៃប៉ិក ស្របពេលមានភាពតានតឹង កើនឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជុំវិញដំណើរទស្សនកិច្ច អាមេរិកនៅតៃវ៉ាន់ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងមានឆន្ទៈចង់ធ្វើការជាមួយប្រទេស ដែល មានចិត្តដូចគ្នាជាខ្លាំង ដោយរួមទាំងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាការពារសន្តិភាព និងស្ថិរភាពតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងទប់ស្កាត់សមយុទ្ធប្រថុយប្រថាន និងការបង្កហេតុ” ។
មេដឹកនាំតៃវ៉ាន់រូបនេះ បានមានប្រសាសន៍បន្តទៀតដូច្នេះថា “ការធ្វើសមយុទ្ធនៅក្នុងដែនទឹក និងដែនអាកាសជុំវិញ កោះតៃវ៉ាន់ គឺជារឿងមិនស្វាគមន៍ និងគម្រាមកំហែង ដល់សន្តិភាពនិង ស្ថិរភាពនៅក្នុងតំបន់” ៕
ប្រែសម្រួល៖ប៉ាង កុង