ព័ត៌មានអន្តរជាតិ

អង់គ្លេស បារាំងនិងអាល្លឺម៉ង់ ថ្កោលទោសអ៊ីរ៉ង់ ចំពោះការបំពានបន្ថែមទៀត លើកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥

បរទេស ៖ ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តី រាយការណ៍ បានធ្វើការរិះគន់ប្រទេសអ៊ីរ៉ង់ ចំពោះការបង្កើនចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ដល់កម្រិតដែលត្រូវបានហាមឃាត់ ដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ។

ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធសប្ដាហ៍នេះ បានចាប់ផ្តើមបង្កើនកម្រិតចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ឲ្យមានកំហាប់ ៦០ភាគរយ ដែលជាកម្រិត លើសឆ្ងាយពីកម្រិត៣,៦៧ភាគរយ កំណត់ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដែលអ៊ីរ៉ង់ បានចុះហត្ថលេខា កាលពី៦ឆ្នាំមុន ជាមួយប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។

ក្រោយពីនោះ តាមសេចក្តីរាយការណ៍ មួយពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ ក៏បានប្រកាសនៅក្នុងសប្ដាហ៍នេះផងដែរថា ខ្លួនគ្រោងដំឡើងឧបករណ៍ ផ្ទុកនុយក្លេអ៊ែបន្ថែមទៀត នៅទីតាំងនុយក្លេអ៊ែផ្សេងៗគ្នា ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រទេសទាំង៣បាននិយាយ យ៉ាងដូច្នេះថា “នេះគឺជាការអភិវឌ្ឍដ៏ធ្ងន់ធ្ងរ ព្រោះការផលិតសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់ក្នុងកម្រិតខ្ពស់ គឺជាជំហានដ៏សំខាន់មួយ ក្នុងដំណើរផលិត អាវុធនុយក្លេអ៊ែ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top