បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីជាច្រើននាក់ ពីបទប៉ុនប៉ង ធ្វើការជ្រៀតជ្រែក និងធ្វើឲ្យជះឥទ្ធិពល ដល់ដំណើរបោះឆ្នោត ជ្រើសរើសប្រធានាធិបតី អាមេរិក ក្នុងឆ្នាំ២០២០។
ការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស របស់ក្រសួងរតនាគារអាមេរិក បានចេញទណ្ឌកម្ម ដែលបានបញ្ជាក់ អត្តសញ្ញាណមនុស្សចំនួន១៦នាក់ និងអង្គភាពចំនួន១៦ សម្រាប់ការជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោត អាមេរិកឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen បានមានប្រសាសន៍ដូច្នេះថា “យើងនឹងផ្តោតគោលដៅ លើថ្នាក់ដឹកនាំរុស្ស៊ី មន្ត្រី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងអ្នកស៊ីឈ្នួល របស់ពួកគេ ដែលប៉ុនប៉ងជ្រៀតជ្រែក ក្នុងដំណើរបោះឆ្នោតអាមេរិក ឬក៏ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។ នេះជាការចាប់ផ្តើម នៃយុទ្ធនាការអាមេរិកថ្មី ប្រឆាំងនឹងឥរិយាបថ ដ៏អាក្រក់របស់រុស្ស៊ី”។
គួរបញ្ជាក់ថា ក្រសួងរតនាគារ អាមេរិកបាននិយាយថា ទណ្ឌកម្មនៅថ្ងៃព្រហស្បតិ៍នេះ គឺមានគោលដៅលើតួអង្គរុស្ស៊ី ដែលធ្វើការផ្សព្វផ្សាយព័ត៌មាន មិនពិតតាមអនឡាញ នៅក្នុងអំឡុងយុទ្ធនាការ បោះឆ្នោតអាមេរិក ដែលខ្លះបានធ្វើឡើង ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង