វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន កាល ពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានការកាត់បន្ថយភាព តានតឹងជាមួយទីក្រុងមូស្គូ បន្ទាប់ពីការអនុញ្ញាត ឱ្យមានការដាក់ទណ្ឌកម្ម ជាច្រើនប្រឆាំង នឹងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសុន្ទរកថា របស់លោកនៅឯសេតវិមានលោក បៃដិន បាននិយាយលម្អិតអំពីការហៅទូរស័ព្ទ របស់លោកជាមួយប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីដើមសប្តាហ៍នេះ ក៏ដូចជាវិធីសាស្រ្តរដ្ឋបាល របស់លោក ចំពោះទំនាក់ទំនងទ្វេភាគី ។
ដោយសំដៅទៅ លើសកម្មភាពដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលលោកបានអនុញ្ញាត នោះលោក បៃដិន បានលើកឡើងថា “ខ្ញុំច្បាស់ជាមួយប្រធានាធិបតី លោក ពូទីនថា យើងអាចឈានទៅរកការដាក់ទណ្ឌកម្មបន្ថែមទៀត ប៉ុន្តែខ្ញុំបានជ្រើសរើសមិនធ្វើដូច្នោះនោះទេ”។
សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃដដែល បានប្រកាសបណ្តេញ អ្នកការទូតរុស្ស៊ីចំនួន ១០ នាក់ និងដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពនានាជាការឆ្លើយតបនឹងការជ្រៀតជ្រែក ក្នុងការបោះឆ្នោត និងសកម្មភាពតាមអ៊ិនធឺណិតដែលត្រូវបានចោទប្រកាន់លើទីក្រុងមូស្គូ។
នៅថ្ងៃដដែលនោះអនុរដ្ឋមន្រ្តីក្រសួង ការបរទេសរុស្ស៊ីលោក Sergei Ryabkov បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៊ីលោក John Sullivan ដោយប្រាប់លោកថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នាពេលឆាប់ៗ ខាងមុខនេះនឹងមាន“ វិធានការសងសឹកជាបន្តបន្ទាប់”៕
ដោយ ឈូក បូរ៉ា