វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោក និងនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំទាំងពីរ ក្នុងការរួមគ្នាប្រឈម នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក រួមទាំងប្រទេសចិន និងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ។
លោកនាយករដ្ឋមន្រ្ដី ជប៉ុន បានឲ្យដឹងថា មេដឹកនាំទាំងពីរក៏ប្តេជ្ញា ចំពោះការរុះរើទាំងស្រុង ដែលមិនអាចត្រឡប់វិញ បាននិងអាចផ្ទៀងផ្ទាត់ បាននៃអាវុធទាំងអស់ នៃការបំផ្លាញទ្រង់ទ្រាយធំ នៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា “យើងបានប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមនានាពីប្រទេសចិន និងលើបញ្ហានានាដូចជា សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ក៏ដូចជាប្រទេសកូរ៉េខាងជើង ដើម្បីធានាអនាគត នៃតំបន់អាស៊ីប៉ាស៊ីហ្វិក បើកចំហ និងសេរី” ។
លោកប្រធានាធិបតីបានបន្ថែមថា“ ជប៉ុន និងសហរដ្ឋអាមេរិក គឺជាប្រទេសប្រជាធិបតេយ្យ ដ៏រឹងមាំពីរនៅក្នុងតំបន់ ហើយយើងប្តេជ្ញាការពារការលើក កម្ពស់តម្លៃរួមរបស់យើងរួម ទាំងសិទ្ធិមនុស្សនិងនីតិរដ្ឋ” ៕
ដោយ ឈូក បូរ៉ា