ព័ត៌មានអន្តរជាតិ

អាស៊ានពិភាក្សា អំពីវិបត្តិមីយ៉ានម៉ាក្នុងកិច្ចប្រជុំកំពូល ស្របពេលដែល សហភាពអឺរ៉ុបដាក់ទណ្ឌកម្ម  (Video)

បរទេស៖លេខាធិការសមាគមអាស៊ាន បាននិយាយនៅថ្ងៃអង្គារនេះថា បណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ នឹងពិភាក្សាគ្នាអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា នៅក្នុងជំនួបកំពូលក្នុងទីក្រុងចាកាតា នាថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រោយសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបំផុត លើរបបសឹកមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អ៊ូចា បានមានប្រសាសន៍ថា លោកនឹងមិនចូលរួមក្នុងប្រជុំនោះទេ និងថា ប្រទេសថៃនឹងតំណាងដោយលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai។
តាមសេចក្តីរាយការណ៍ លោក ប្រាយុត ដែលជាអតីតមេទ័ពដឹកនាំធ្វើរដ្ឋប្រហារក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០១៤នោះ បាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈរដ្ឋមន្ត្រីយ៉ាងដូច្នេះថា “ប្រទេសដទៃខ្លះទៀត ក៏នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ពួកគេទៅផងដែរ”។
គួរបញ្ជាក់ថា សមាគមអាស៊ានមានសមាជិក១០ប្រទេស នាពេលថ្មីៗនេះ បានព្យាយាមស្វែងរកមធ្យោបាយណែនាំមីយ៉ានម៉ា ដែលជាសមាជិកមួយរបស់អាស៊ានផងនោះ ឲ្យចេញផុតពីភាពចលាចលមានការបង្ហូរឈាម ដែលបានកើតមានក្រោយរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី៕ប្រែសម្រួល៖ប៉ាង កុង

To Top