ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បណ្ដេញ មន្ត្រីការទូត ប៊ុលហ្គារី ពីររូប ពាក់ព័ន្ធ រឿងចារកម្ម

បរទេស ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានប្រកាសបណ្ដេញ មន្ត្រីការទូតប៊ុលហ្គារីពីររូប ដោយនិយាយថា ជាបុគ្គលមិនគួររាប់រក ក្នុងដំណើរធ្វើការឆ្លើយតបភ្លាមៗ ចំពោះការបណ្តេញ មន្ត្រីការទូតរុស្ស៊ី ពីររូបកាលពីសប្ដាហ៍មុន ជុំវិញការសង្ស័យអំពីចារកម្ម ។

សេចក្តីប្រកាស ដែលធ្វើឡើង ដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍ មួយនេះ គឺត្រូវបាន ធ្វើឡើង ក្រោយភ្លាមៗ បន្ទាប់ពីឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំនៅទីក្រុងមូស្គូ ត្រូវបានកោះអញ្ជើញ ទៅក្រសួងការបរទេស ក្រោយមួយខែ បន្ទាប់ពីទីក្រុងសូហ្វីយ៉ា បានបណ្ដេញមន្ត្រីការទូតរុស្ស៊ីពីររូប ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Radio Free Europe នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានហៅការបណ្ដេញមន្ត្រីការទូត របស់ខ្លួនចេញពីប្រទេស ប៊ុលហ្គារីនោះថា ជាទង្វើគ្មានមូលដ្ឋាន ។

គួរបញ្ជាក់ថា ប្រទេសប៊ុលហ្គារី មានចំណងមិត្តភាពវប្បធម៌ ប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ច យ៉ាងជិតស្និទ្ធជាមួយប្រទេស រុស្ស៊ី ដែលជាដៃគូថាមពលដ៏ចម្បង របស់ខ្លួន ប៉ុន្តែចំណងមិត្តភាព រវាងទីក្រុងសូហ្វីយ៉ានិងទីក្រុងមូស្គូ បានរងផលប៉ះពាល់ ដោយសារតែពាក្យចចាមអារាម ស្តីពីចារកម្មមួយចំនួន ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top