បរទេស៖ទន្ទឹមនឹងការស្នើឲ្យមានទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបន្ថែមលើទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីកំពុងតែប្រមូលផ្តុំកងទ័ពជើង ១២០.០០០នាក់ នៅតាមព្រំដែនអ៊ុយក្រែន។
លោក Dmytro Kuleba បាននិយាយប្រាប់សន្និសីទព័ត៌មានអនឡាញជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូច្នេះថា “កងទ័ពរុស្ស៊ីបន្តមកដល់ក្នុងតំបន់ស្ថិតនៅក្បែរព្រំដែនរបស់យើង នៅភាគឦសាន ភាគខាងកើតនិងភាគខាងត្បូង ហើយក្នុងពេលប្រហែលមួយសប្ដាហ៍ទៀត ពួកគេត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួនកងកម្លាំងសរុបមានទ័ពជាង ១២០.០០០នាក់”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានបន្ថែមទៀតដូច្នេះថា “នេះមិនមែនមានន័យថា ពួកគេនឹងឈប់បង្កើនកងកម្លាំង របស់ពួកគេនៅត្រឹមចំនួននោះៗទេ”។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា ក្តីព្រួយបារម្ភអំពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានមានការកើនឡើង ស្របពេលមានការបង្កើន យោធាថ្មីៗនេះរបស់រុស្ស៊ី នៅជុំវិញតំបន់ព្រំដែនអ៊ុយក្រែន ជាលំដាប់នៃការបង្កើនទ័ពមួយ ដែលមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price និយាយថា មិនធ្លាប់បានឃើញចាប់តាំង ពីការឈ្លានពានរបស់រុស្ស៊ីមក ៕
ប្រែសម្រួល៖ប៉ាង កុង
