តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងចរចា នៅទីក្រុងវីយែន តាមវិធី “មានឥទ្ធិពល” ជាងមុន ដែលបង្ហាញពីការបរាជ័យ នៃយុទ្ធនាការអាមេរិក “សម្ពាធអតិបរមា” លើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
តាមការដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការលោក រ៉ូហានី បានប្រាប់ក្រុមសកម្មជន នយោបាយមួយក្រុម នៅក្នុងក្រុងតេអេរ៉ង់ថា ក្រុមអ្នកចរចាអ៊ីរ៉ង់ បានអនុវត្តតាមក្របខ័ណ្ឌ ដែលបានកំណត់ ដោយមេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។
លោក Khamenei បានទទូចថា ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ត្រូវតែត្រូវបានដក ចេញទាំងស្រុង មុនពេលអ៊ីរ៉ង់វិល ត្រឡប់ទៅរកការអនុលោម តាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជាផែនការ សកម្មភាពរួម (JCPOA) និងបានព្រមានប្រឆាំង នឹងការចូលរួមរបស់ប្រទេសនេះ នៅក្នុងកិច្ចចរចា ដែលបានអូសទាញ ។
ប្រធានាធិបតីអ៊ីរ៉ង់លោក រូហានី ត្រូវបានគេដកស្រង់សំដី ដោយលើកឡើងថា ប្រទេសអ៊ីរ៉ង់ មិនមានការប្រញាប់ប្រញាល់ ក្នុងការចរចានុយក្លេអ៊ែរនោះទេ ប៉ុន្តែក៏នឹងមិនខកខាន ឱកាសណាមួយដែរ ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានលើកឡើងថា រហូតមកដល់ពេលនេះកិច្ចចរចា នៅទីក្រុង វីយែន បានឈានដល់កម្រិតមួយ ហើយប្រសិន បើទីក្រុងវ៉ាស៊ីនតោន ដើរដោយភាពស្មោះត្រង់ ការចរចានឹងឈាន ដល់ការសន្និដ្ឋានមួយ “ក្នុងរយៈពេលដ៏ខ្លី”៕