ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្លឹងចង់ឲ្យអាមេរិក ជួយថ្នាំវ៉ាក់សាំង កូវីដ១៩

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជួយទីក្រុងសេអ៊ូល ដោះស្រាយបញ្ហាខ្វះថ្នាំ វ៉ាក់សាំងកូវីដ១៩ ដើម្បីជាថ្នូរ ចំពោះឧបករណ៍ធ្វើតេស្តនិងម៉ាស់ ដែលខ្លួនបានបញ្ជូន ទៅឲ្យទីក្រុងវ៉ាស៊ីនតោន ។

សំណើបែបនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ស្ថិតក្រោមការវាយប្រហារ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ការមិនធ្វើសមល្មម ដើម្បីទទួលបានថ្នាំវ៉ាក់សំាង គ្រប់គ្រាន់មុន ពេលកំណត់ ហើយក្នុងពេលបច្ចុប្បន្ននេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សំាង ដល់មនុស្សបានត្រឹម៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនខ្លួន ។

នៅក្លិប Kwanhun Club ជាសមាគមតំណាងអ្នកកាសែត នៅកូរ៉េខាងត្បូង លោក Chung Eui-yong បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងបាននិងកំពុងតែសង្កត់ធ្ងន់ ទៅសហរដ្ឋអាមេរិកថា មិត្តដែលជួយគ្នាក្នុងគ្រាអាសន្ន គឺជាមិត្តពិត” ។

យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ បន្ថែមទៀតយ៉ាងដូច្នេះថា “យើងកំពុងតែសង្ឃឹម ថា សហរដ្ឋអាមេរិកនឹងជួយយើង ឲ្យផុតពីភាពលំបាក ដែលយើងកំពុងតែប្រឈម មុខនេះ ដោយថ្នាំវ៉ាក់សាំង ផ្អែកលើសាមគ្គីភាព ដែលយើងបានបង្ហាញ កាលពីឆ្នាំមិញនេះ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top