ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន​ លុបចោលដំណើរ ទស្សនកិច្ចទៅឥណ្ឌា និងហ្វីលីពីន ស្របពេលករណីកូវីដ១៩ កំពុងកើនឡើង

បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តី រាយការណ៍ បានលុបចោលគម្រោង ធ្វើដំណើរទស្សនកិច្ច ប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីន ក្នុងអំឡុងពេល ប្រទេសបន្តធ្វើការ ឈប់សម្រាកចាប់ផ្តើម ក្នុងចុងខែមេសា ស្របពេល ដែលមានសន្ទុះកើនឡើង ខ្លាំងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ។

រដ្ឋាភិបាល របស់ប្រទេសជប៉ុន កំពុងតែពិចារណាប្រកាសភាព អាសន្នសម្រាប់ទីក្រុងតូក្យូ និងខេត្តមួយចំនួនផ្សេងទៀត ស្របពេល ដែលទិន្នន័យឥណ្ឌា បង្ហាញនៅថ្ងៃពុធនេះថា មានករណីឆ្លងថ្មី ចំនួន២៩៥.០៤១នៅទូទាំងប្រទេស និងមានករណីស្លាប់ចំនួន២.០២៣នាក់ ជាចំនួនខ្ពស់បំផុត របស់ឥណ្ឌាក្នុងគ្រា ជម្ងឺកូវីដ១៩រាតត្បាត ។

នៅពេលត្រូវគេសួរ ពីសេចក្តីរាយការណ៍ដែលថា ដំណើរទស្សនកិច្ច របស់លោក Yoshihide Suga ទៅកាន់ប្រទេសទាំងពីរត្រូវបានលុបចោលនោះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី លោក Katsunobu Kato បានមាន ប្រសាសន៍ថា “ក្នុងគោលបំណងចាតវិធានការ គ្រប់បែបយ៉ាងដែលអាច ទៅរួចប្រឆាំង មេរោគកូរ៉ូណានោះ វាត្រូវបានសម្រេចចិត្តថា លោកនាយករដ្ឋមន្ត្រី Suga នឹងមិនធ្វើដំណើរទស្សនកិច្ច នៅបរទេសណាមួយនោះទេ នៅក្នុងអំឡុងពេល សប្ដាហ៍មាស (Golden Week)” ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា អាចធ្វើឲ្យលោក Suga អាចជួបគ្នាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី។ ប្រទេសជប៉ុននិងប្រទេសឥណ្ឌា គឺជាសមាជិក នៃក្រុមឈ្មោះ Quad (ក្រុមប្រទេសទាំង៤) ដែលរួមមានទាំងសហរដ្ឋអាមេរិក និងអូស្ត្រាលីផង៕

ប្រែសម្រួល៖ប៉ាងកុង

To Top