ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង​ ណាតូចេញយ៉ាងប្រញាប់ ដើម្បីស្ទាក់ដំណើរ យន្តហោះរុស្ស៊ី នៅសមុទ្របាល់ទិក

បរទេស ៖ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់ និងយន្តហោះស៊ើបការណ៍រុស្ស៊ី ត្រូវបានយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Eurofighter របស់សម្ពន្ធមិត្តណាតូ ធ្វើការស្ទាក់ដំណើរនៅលើសមុទ្របាល់ទិក នេះបានតាមការនិយាយ របស់អង្គការណាតូនៅថ្ងៃពុធ ។

យន្តហោះទម្លាក់គ្រាប់ Tu-160 Blackjack ពីរគ្រឿង និងយន្តហោះព្រមានដែនអាកាស A-50 Mainstay មួយគ្រឿង អមដំណើរដោយយន្តហោះចម្បាំង Su-27 និងយន្តហោះចម្បាំង Su-35 បានហោះចេញពីប្រទេសរុស្ស៊ី ទៅកាន់សមុទ្របាល់ទិក និងបានវិលត្រឡប់វិញក្រោយពេលប្រមាណ៣ម៉ោង កាលពីថ្ងៃអង្គារ។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះរបស់មជ្ឈមណ្ឌល ប្រតិបត្តិការ ដែនអាកាសចម្រុះរបស់អង្គការណាតូ បានហោះហើរចេញពីមូលដ្ឋានទ័ព នៅក្នុងប្រទេសអេស្តនី លីទុយអានី និងប៉ូឡូញ ធ្វើការស្ទាក់ដំណើរ និងកំណត់អត្តសញ្ញាណ យន្តហោះរុស្ស៊ី ។

សេចក្តីថ្លែងការណ៍ អង្គការណាតូមួយ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះរុស្ស៊ីខ្លះ បានហោះហើរដោយគ្មានឧបករណ៍ទទួលទូរលេខ អាចបង្កឲ្យមានគ្រោះថ្នាក់កើតមាន ចំពោះយន្តហោះស៊ីវិលនានា នៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top