បរទេស៖ កិច្ចចរចាគ្នា ដែលមានគោលដៅសម្របសម្រួលដល់ការវិលត្រឡប់វិញ របស់អាមេរិក ចូលមកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានបង្កើតឲ្យមានការវិវត្តរីកចម្រើនខ្លះៗ នៅក្នុងប្រទេសអូទ្រីស ប៉ុន្តែមន្ត្រីនានានិយាយថា នៅតែមានផ្លូវត្រូវបន្តទៅទៀត។
កិច្ចពិភាក្សាគ្នា ដែលក៏ស្វះស្វែងនាំឲ្យអ៊ីរ៉ង់វិលត្រឡប់អនុវត្តតាមការកំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ផងនោះ មានភាពយឺតយ៉ាវ និងត្រូវរំខានដោយការវាយប្រហារមួយក្នុងខែនេះ លើទីតាំងនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានចាប់ផ្តើមកិច្ចពិភាក្សាប្រយោលនៅក្នុងទីក្រុងវីយែន កាលពីដើមខែនេះ ដើម្បីចូលរួមវិញក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ។ កិច្ចពិភាក្សាជុំថ្មីបំផុត បានបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយកិច្ចពិភាក្សាជុំបន្ទាប់ គឺត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែក្រោយ។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិននិងសហភាពអឺរ៉ុប គឺជាភាគីនៅសេសសល់នៃកិច្ចព្រមព្រៀងអ៊ុយក្លែអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ក្រោយសហរដ្ឋអាមេរិក បានដកខ្លួនចេញក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕ប្រែសម្រួល៖ប៉ាង កុង