ព័ត៌មានអន្តរជាតិ

យោធាជើងទឹកឥណ្ឌូនេស៊ី៖ ការបាត់ខ្លួននាវាមុជទឹក នឹងមានអុកស៊ីសែនប្រើប្រាស់ គ្រប់គ្រាន់ត្រឹមតែ ៧២ម៉ោងប៉ុណ្ណោះ នៅពេលដាច់ចរន្តអគ្គីសនី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា លោក Yudo Margono មេបញ្ជាការយោធាជើងទឹក របស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការបាត់ខ្លួននាវាមុជទឹក KRI Nanggala-402 នឹងអាចមានអុកស៊ីសែនសម្រាប់ប្រើប្រាស់ គ្រប់គ្រាន់ត្រឹមតែ ៧២ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងពេលដាច់ចរន្តអគ្គីសនីនោះ ។

នាវាមុជទឹក ដែលមានមនុស្សនៅក្នុងនោះចំនួន ៥៣នាក់ បានបាត់ការទាក់ទងនៅក្នុងដែនទឹក ស្ថិតនៅភាគខាងជើងនៃកោះបាលី ក្នុងអំឡុងពេលធ្វើលំហាត់សមយុទ្ធមួយ កាលពីប៉ុន្មានម៉ោងកាលពីថ្ងៃពុធ ដែលវាមានទីតាំងចុងក្រោយបង្អស់ នៅចម្ងាយប្រមាណ ៦០ម៉ាយ ស្ថិតនៅភាគខាងជើងនៃ ដែនកោះទេសចរណ៍មួយនេះ ។

លោក បានថ្លែងប្រាប់ឲ្យដឹងនៅលើ កញ្ចក់ទូរទស្សន៍ក្នុងពេលធ្វើសន្និសីទសារព័ត៌មានមួយថា “យើងបាត់បង់ការទាក់ទង (ជាមួយនាវាមុជទឹក) កាលពីថ្ងៃម្សិលមិញ (ថ្ងៃពុធ) នៅវេលាម៉ោង៣ព្រឹក ដូច្នេះ វាអាចជាថ្ងៃចុងក្រោយ រហូតដល់ម៉ោង៣ព្រឹក នៅថ្ងៃសៅរ៍” ។

នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការយោធា Hadi Tjahjanto លោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto និងអគ្គស្នងការនគបាលជាតិ Listyo Sigit Prabowo ផងដែរ ។

យោធាឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា យោធាបានរកឃើញចលនា ចេញពីក្រោមទឹកស្ថិតក្នុងចម្ងាយ ២,៥គីឡូម៉ែត្រ នៅបរិវេណនៃទីតាំង ចុងក្រោយរបស់នាវាមុជទឹក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top