វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមអាកាស ដើម្បីជួយឥណ្ឌូនេស៊ី ក្នុងការស្វែងរកនាវាមុជទឹកដែល បាត់ខ្លួនជាមួយនាវិកចំនួន ៥៣នាក់នៅក្នុងនាវានោះ ។
លោក Kirby បានថ្លែងថា ក្រសួងការពារជាតិអាមេរិក មានការសោកស្តាយយ៉ាងខ្លាំង ចំពោះព័ត៌មាននៃនាវាមុជទឹក KRI Nanggala ៤០២ ដែលបានបាត់ខ្លួនកាលពីថ្ងៃពុធ ក្នុងពេលធ្វើសមយុទ្ធនៅឯឆ្នេរកោះបាលី ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kirby បានលើកឡើងថា “គំនិតរបស់យើង គឺតែមួយជាមួយនឹងនាវិកឥណ្ឌូនេស៊ី និងក្រុមគ្រួសាររបស់ពួកគេ” ។
តាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី យើងកំពុងបញ្ជូនឧបករណ៍ដឹកតាមអាកាស ដើម្បីជួយក្នុងការស្វែងរកនាវាមុជទឹក ដែលបាត់ខ្លួននោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា