ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ថៃមានអ្នកឆ្លង ជំងឺកូវីដ-១៩ជិត ៣០០០នាក់ និងស្លាប់ ៨នាក់

បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះបានបំបែកឯតទគ្គកម្មប្រចាំថ្ងៃមួយទៀត ដោយមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៣៩ ករណី ដែលចំនួននេះបានកើនឡើងសរុបរហូតដល់ ៥៣,០២២នាក់ ខណៈដែលប្រទេសនេះព្យាយាមទប់ទល់នឹងការផ្ទុះឡើងនូវជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុត។

ខេត្តចំនួន ៦៨ នៃខេត្តសរុបចំនួន ៧៧ របស់ប្រទេសនេះ បានរាយការណ៍ពីការឆ្លងថ្មីនៅថ្ងៃសៅរ៍នេះ។  យោងតាមមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ- ១៩ បានឲ្យដឹងថាទីក្រុងបាងកក មានការកើនឡើងជារៀងរាល់ថ្ងៃជាមួយនឹងករណីថ្មីចំនួន ១,៥៨២ករណី។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ប្រទេសនេះក៏បានរាយការណ៍ថា មានអ្នកស្លាប់ ៨ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១២៩ នាក់។

រលកទី៣ នៃការឆ្លងរាលដាលពីកន្លែងកម្សាន្តនានាក្នុងទីក្រុងបាងកក នៅដើមខែនេះ បានកើនឡើងជិតទ្វេដងនៃតួលេខករណីសរុបរបស់ប្រទេសបើប្រៀបធៀបនឹងដើមខែនេះ។

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា នៅល្ងាចថ្ងៃសុក្រម្សិលមិគនេះបានសន្យាថា នឹងផ្គត់ផ្គង់គ្រែមន្ទីរពេទ្យ និងថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់ ហើយបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនលទ្ធភាពចាក់វ៉ាក់សាំង និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោកប្រាយុទ្ធមិនបានប្រកាសពីវិធានការណ៍រឹតត្បិតថ្មីនោះទេ ប៉ុន្តែបានលើកឡើងថា រដ្ឋាភិបាលអាចនឹងរឹតបន្តឹងវិធានការយ៉ាងឆាប់រហ័សប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ៕

ដោយ ឈូក  បូរ៉ា

To Top