បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយថា ខ្លួនទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទិញថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៤០លានដូសបន្ថែម ស្របពេលមានការភ័យខ្លាចអំពីការស្ទុះកើនឡើងនៃករណីឆ្លងក្នុងស្រុក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កូរ៉េខាងត្បូងបាននិាយយប្រាប់ថា នោះនឹងធ្វើឲ្យថ្នាំវ៉ាក់សាំង Pfizer ក្នុងពេលបច្ចុប្បន្នរបស់ខ្លួនមានចំនួន៦៦លានដូស។
ប្រទេសអាស៊ីមួយនេះ ក៏បាននិយាយប្រាប់បន្ថែមទៀតថា ខ្លួនទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩សរុបទាំងស់ចំនួន១៩២លានដូស ដោយរួមមានទាំងថ្នាំវ៉ាក់សាំង មកពីក្រុមហ៊ុន Moderna Inc ក្រុមហ៊ុន AstraZeneca PLC ក្រុមហ៊ុន Johnson & Johnson’s និងក្រុមហ៊ុន Novavax។
គួរបញ្ជាក់ថា យោងតាមទិន្នន័យមួយរបស់គេហទំព័រ Worldometer ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង មានករណីជម្ងឺកូវីដ១៩សរុប១១៨.២៤៣ករណី មានអ្នកស្លាប់ចំនួន១.៨១២នាក់ និងអ្នកជាសះស្បើយចំនួន១០៧.៧៨១នាក់៕
ប្រែសម្រួល៖ប៉ាង កុង

