បរទេស៖ មន្ត្រីនាំពាក្យសេតវិមាន បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើង ក្នុងករណីមេរោគកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌា និងមានគម្រោងឆាប់បញ្ជូន ការគាំទ្របន្ថែមទៀត ឲ្យទៅរដ្ឋាភិបាល និងបុគ្គលិក សុខាភិបាលឥណ្ឌា។

តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យសេតវិមាន រូបនោះបាននិយាយ យ៉ាងដូច្នេះថា “យើងធ្វើការសន្ទនាគ្នា យ៉ាងសកម្ម នៅក្នុងលំដាប់ខ្ពស់ និងមានគម្រោងឆាប់បញ្ជូន ការគាំទ្របន្ថែម ឲ្យទៅរដ្ឋាភិបាលឥណ្ឌា និងបុគ្គលិកសុខាភិបាលឥណ្ឌា ស្របពេលដែលពួកគេប្រយុទ្ធនឹង ការផ្ទុះឆ្លងដ៏ធ្ងន់ធ្ងរដ៏ថ្មីបំផុតនេះ។ យើងនឹងមានជំនួយបន្ថែមទៀតចែករំលែកឲ្យក្នុងពេលឆាប់ៗនេះ”។
គួរបញ្ជាក់ថា ករណីជម្ងឺកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា ដែលមានប្រជាជនប្រមាណ១,៣ពាន់លាននាក់ បានកើនឡើងចំនួន៣៤៦.៧៨៦ករណីទាំងយប់ នេះបើតាមការឲ្យដឹងពី ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ហើយចំនួនករណីជម្ងឺកូវីដ១៩ សរុបក្នុងប្រទេសនេះ គឺ១៦,៦លានករណី ដោយរួមមានអ្នកស្លាប់ ចំនួន១៨៩.៥៤៤នាក់។
ប៉ុន្តែអ្នកជំនាញ បាននិយាយប្រាប់ថា ចំនួនករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងប្រទេសឥណ្ឌានេះ ទំនងជាមានចំនួនខ្ពស់ជាងនោះ ជាច្រើនដង ហើយអាចនឹងកើនឡើង បន្ថែមទៀត៕
ប្រែសម្រួល៖ប៉ាង កុង
