បរទេស៖ ក្រុមអ្នកស្រាវជ្រាវ ជាច្រើននាក់ នៅថ្ងៃនេះតាមរយៈ ការចេញផ្សាយដោយ CNA បានបង្ហាញថាការចំណាយ លើវិស័យយោធា របស់ពិភពលោក បានកើនឡើងខ្លាំង រហូតទៅដល់ជិត២ទ្រីលាន ដុល្លារ សម្រាប់ឆ្នាំ២០២០ កន្លងទៅនេះទោះបីជា ស្ថិតនៅក្នុងបញ្ហាកូវីដក្តី។

តួលេខនេះ បានបញ្ជាក់ដែរថា កំណើននៃការចំណាយយោធា បានកើនឡើង ក្នុងទំហំប្រមាណជា២,៦ភាគរយ គឺប្រមាណជា១ ៩៨១ពាន់លានដុល្លារ កាលពីឆ្នាំទៅ ខណៈដែលផលិតផល ក្នុងស្រុកសរុបឬ GDP របស់ សកលលោកទាំងមូល បានធ្លាក់ចុះ ដល់ទៅ៤,៤ភាគរយក្តី។

ការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយវិទ្យាស្ថានជាតិ ស៊ុយអែត SIPRI បាននិយាយទៀតដែរថា ដោយសារតែកូវីដ បានធ្វើឲ្យគ្រប់គ្នា គិតថាការចំណាយ លើយោធា នៃបណ្តាប្រទេស នឹងមានការធ្លាក់ចុះតែផ្ទុយទៅវិញតួលេខនេះ បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល ទៅវិញ។

ក្នុងចំណោមនោះ គេអាចមើលឃើញថា ជាពិសេសសម្ព័ន្ធមិត្ត របស់អង្គការណាតូ ដែលបាននាំគ្នា គោរពតាមគោលការណ៍ បង្កើនចំណាយ យោធា សម្រាប់ឆ្នាំ២០២០ ឲ្យបាន២ភាគរយនៃ GDP នោះបណ្តាប្រទេសជា សមាជិកដល់ទៅ១២ បានធ្វើសម្រេចតាមផែនការ នេះ កាលពីឆ្នាំទៅ៕



ប្រែសម្រួល៖ស៊ុនលី
