បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃចន្ទនេះថា លោកទំនងជានឹង ជួបជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត និងបន្ថែមថា គ្រប់ភាគីទាំងអស់ ស្ថិតនៅលើខ្សែបញ្ចប់ នៃការព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នាថ្មី ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាចំពោះខ្ញុំហាក់ដូចជាអ្វីទាំងអស់ កំពុងតែឆ្ពោះទៅរកការពិតដែលថា ជំនួបគ្នានឹងកើតមានឡើង” ។
លោក Volodymyr Zelenskiy បានស្វះស្វែងជួបជាមួយលោក ពូទីន ក្រោយប្រទេសទាំងពីរ បានធ្វើការចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក ជុំវិញការកើនឡើង នៃការប៉ះទង្គិចគ្នាក្នុងជម្លោះតំបន់ Donbass និងការបង្កើនកងទ័ពរុស្ស៊ី នៅជិតព្រំដែនភាគខាងកើត របស់អ៊ុយក្រែន និងក្នុងតំបន់គ្រីមៀ ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមធ្វើការដកកងទ័ព ខ្លួនកាលពីសប្ដាហ៍មុន ហើយលោក ពូទីន បានមានប្រសាសន៍ថា លោកមានបំណង់ចង់ ជួបជាមួយលោក Zelenskiy នៅក្នុងទីក្រុងមូស្គូ ចំណែកលោក Zelenskiy បានមានប្រសាសន៍ថា លោកបានណែនាំ ឲ្យអគ្គសេនាធិការរបស់លោក ធ្វើការទាក់ទងទៅវិមានក្រឹមឡាំង ដើម្បីពិភាក្សាគ្នា ពីពេលវេលានិងទីកន្លែង ដែលមេដឹកនាំទាំងពីរអាចជួបគ្នា ៕