បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានពិភាក្សាគ្នាពីបញ្ហានៃការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង កូរ៉ូណារុស្ស៊ី ឲ្យទៅប្រទេសស៊ីរី ក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ នេះបើតាមសម្តី វិមានក្រឹមឡាំង ក្រោយកិច្ចសន្ទនាគ្នានោះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង បានជូនដំណឹងថា “បញ្ហាបច្ចុប្បន្នលើរបៀបវារៈទ្វេភាគី ត្រូវបានលើកយកមកពិភាក្សា ដែលជាចម្បងនោះ គឺទស្សនវិស័យអភិវឌ្ឍ បន្ថែមនូវកិច្ចការជំនួញ ចំណងមិត្តភាព សេដ្ឋកិច្ចនិងមនុស្សធម៌ ក៏ដូចជាសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណា រួមទាំងការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងរុស្ស៊ី” ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក អាសាដ ក៏បានបង្ហាញនូវការដឹងគុណ ចំពោះប្រទេសរុស្ស៊ី សម្រាប់ការគាំទ្រ និងជួយដល់ប្រជាជនស៊ីរី ។
គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ ទីក្រុងដាម៉ាស់ បានអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V នៅក្នុងប្រទេស៕
ប្រែសម្រួល៖ប៉ាង កុង