បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ មានការវាយប្រហារដោយគ្រាប់រ៉ុកកែត ទៅលើមូលដ្ឋានទ័ព អាកាសមីយ៉ានម៉ាពីរកន្លែង ប៉ុន្តែមិនមានអ្នករងគ្រោះទេ គឺត្រឹមតែបង្កឲ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ហើយនេះជាសញ្ញាមួយទៀតបង្ហាញឲ្យឃើញការធ្លាក់ចុះសន្តិសុខ ចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពី៣ខែមុន។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មិនមានក្រុមប្រដាប់អាវុធណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដែលយោធាបានធ្វើការបញ្ជាក់ប្រាប់ នៅក្នុងសន្និសីទកាសែតនេះនោះទេ។
គួរបញ្ជាក់ថា ស្របពេលដែលកងកម្លាំងប្រដាប់អាវុធមីយ៉ានម៉ា បាននិងកំពុងតែធ្វើការប្រយុទ្ធជាមួយពួកបះបោរ នៅក្នុងតំបន់ដាច់ស្រយាល់ អស់រយៈពេលជាច្រើនទសវត្សនោះ ការវាយប្រហារលើទីតាំងយោធាលំដាប់ខ្ពស់នៅក្នុងតំបន់កណ្ដាលបែបនេះ គឺជារឿងកម្រមាន។
មន្ត្រីនាំពាក្យយោធាមួយរូប បាននិយាយប្រាប់នៅក្នុងសន្និសីទកាសែតយោធាមួយថា ក្នុងហេតុការណ៍វាយប្រហារដំបូង គ្រាប់រ៉ុកកែតចំនួន៤គ្រាប់ ត្រូវបានគេបាញ់ទៅលើមូលដ្ឋានទ័ពអាកាសមួយជិតទីក្រុង Magway ស្ថិតនៅកណ្ដាលប្រទេសមីយ៉ានម៉ា ដោយ៣គ្រាប់ធ្លាក់លើវាលស្រែ និងមួយគ្រាប់ទៀតធ្លាក់លើដងផ្លូវ។
ក្រោយមកទៀត គ្រាប់រ៉ុកកែតចំនួន៥គ្រាប់ ត្រូវបានគេបាញ់ចេញពីវាលស្រែ ទៅលើមូលដ្ឋានទ័ពអាកាសដ៏ចម្បងមួយរបស់មីយ៉ានម៉ា នៅទីក្រុង Meiktila ដែលក៏ស្ថិតនៅកណ្ដាលប្រទេសផងដែរ ប៉ុន្តែគ្មានអ្នករងគ្រោះ ឬក៏បង្កឲ្យមានការខូចខាតនោះទេ៕