ព័ត៌មានអន្តរជាតិ

លីបង់និងអ៊ីស្រាអែល ត្រូវគេរំពឹងថានឹង បន្តកិច្ចពិភាក្សាស្តី ពីព្រំដែនសមុទ្រនៅសបដាហ៍ក្រោយ 


បរទេស ៖ប្រភពផ្លូវការរបស់ប្រទេសលីបង់ចំនួនពីរ បាននិយាយប្រាប់ឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកិច្ចពិភាក្សាគ្នាដែលសម្របសម្រួលដោយអាមេរិក ស្តីពីជម្លោះពាក់ព័ន្ធព្រំដែនសមុទ្រមីឌីទែរ៉ានេ នៅសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ថា កិច្ចចរចាគ្នារវាងលីបង់និងអ៊ីស្រាអែល ដែលជាសត្រូវចាស់នឹងគ្នា គឺត្រូវបានធ្វើឡើងនៅក្នុងខែតុលា ដើម្បីព្យាយាមដោះស្រាយជម្លោះ ដែលបង្កពីការរុករកអ៊ីដ្រូកាបូន នៅក្នុងតំបន់សម្បូរឧស្ម័ន ប៉ុន្តែកិច្ចពិភាក្សាបានជាប់គាំងតាំងពីពេលនោះមក។

មន្ត្រីលីបង់មយរូប ដែលបដិសេធសុំមិនប្រាប់ឈ្មោះ ព្រោះតែភាពរសើបនៃបញ្ហានោះ បាននិយាយប្រាប់សារព័ត៌មានថា ភាគីសហរដ្ឋអាមេរិក បានជូនដំណឹងដល់ប្រទេសលីបង់ថា កិច្ចពិភាក្សាគ្នា នឹងចាប់ផ្តើមបន្តជាថ្មី នៅថ្ងៃចន្ទ។

ចំណែកមន្ត្រីលីបង់មួយរូបទៀត បាននិយាយថា ការបន្តជាថ្មីនេះ នឹងធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់មន្ត្រីសម្របសម្រួលអាមេរិក លោក John Desrocher ដែលនឹងទៅលីបង់ នៅសប្ដាហ៍ក្រោយ ប៉ុន្តែនៅពេលភ្លាមៗនេះ មន្ត្រីស្ថានទូតអាមេរិកនៅមិនទាន់ផ្តល់ការបកស្រាយណាមួយនៅឡើយនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top