លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ បង្កើតទៅជាបញ្ហា លើតំបន់សមុទ្រចិនខាងត្បូង គឺពួកគេនឹងទទួលរងនូវ ការឆ្លើយតបជាការវាយបកមួយ យ៉ាងចាស់ដៃ ធ្ងន់ធ្ងរបំផុតពីកងទ័ពរំដោះប្រជាជនចិន People’s Liberation Army (PLA)!។
ឆ្លងតាមរយៈ នៃបទវិចារណកថានេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ចាប់តាំងពីមានព្យុះសង្ឃរាទាំងនយោបាយ ដល់យោធាដែលបង្កឡើងមកពីបណ្ដាអំណាចខាងក្រៅតំបន់មកលើ សមុទ្រចិនខាងត្បូង មកគេឃើញអ្នកកាន់អំណាច របស់ចិន បានប្រើពាក្យយ៉ាងមោះមុត និងដាច់ខាតថា “ប្ដេជ្ញាមិនអង្គុយមើលសភាពការណ៍បំពារបំពានមកលើផលប្រយោជន៍ និងអធិបតេយ្យភាព របស់ចិនបានឡើយ ទោះបីក្នុងតម្លៃដ៏ថ្លៃណាមួយនោះក៏ដោយ”!។
បទវិចារណកថាមួយនេះ ត្រូវបានចាត់ទុកថា ជាការសម្ដែងឡើងនូវឥរិយាបថនយោបាយមួយយ៉ាងខ្លាំងក្លាបំផុត របស់អ្នកកាន់អំណាចចិន បន្ទាប់ពីសភាពការណ៍លើសមុទ្រចិនខាងត្បូងត្រូវបានដុតកកូរ ឲ្យពុះកញ្ជ្រោលឡើង មិនឈប់ឈរ ដោយបាតដៃរបស់បក្សសម្ព័ន្ធ Indo-Pacific នោះ!។ ព្រោះមុននេះ ជាផ្លូវការនិងចំហរ ចិនតែងតែប្រើភាសាមានលក្ខណៈជាការទូត ដោយសង្កត់ធ្ងន់មកលើការ “ដោះស្រាយដោយសន្តិវិធី” “ការមិនប្រើប្រាស់កម្លាំងបាយ” និងជា “ ប្រទេសភូមិផងល្អក្នុងតំបន់” តែប៉ុណ្ណោះ!។
ក្នុងបទវិចារណកថានេះ ផងដែរ ចិនក៏បានបង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា ឆ្លងតាមរយៈការធ្វើសមយុទ្ធយោធា ជើងទឹក លើតំបន់សមុទ្រចិនខាងត្បូង លើកនេះ ក៏ជាសារបញ្ជូននូវសញ្ញា ព្រមានមួយរបស់កងទ័ពរំដោះ ប្រជាជនចិន ទៅកាន់ភាគីម្ខាងទៀត ឱ្យយល់យ៉ាងច្បាស់ថា ទោះបីជាចិន មានគោលគំនិតចង់ដោះស្រាយ ការខ្វែងគំនិតគ្នាលើតំបន់សមុទ្រចិនខាងត្បូង ដោយសន្តិវិធីក៏ដោយ ក៏ចិនបានបំពេញភារកិច្ចមួយយ៉ាងល្អក្នុងការងារ ត្រៀមជាយុទ្ធសាស្រ្ត យ៉ាងចាំបាច់លើផ្នែកយោធា មានការប្ដេជ្ញាយ៉ាងមោះមុត និងមានកម្លាំងពិត ក្នុងការធានាការពារនូវរាល់ អត្ថប្រយោជន៍យ៉ាងចម្បង (Core Interests) របស់ជាតិចិន នៅចំពោះមុខនៃអំពើបំពាន ឈ្លានពានទាំងឡាយមកពីខាងក្រៅ!។
ទន្ទឹមនឹងនេះ កងទ័ពរំដោះប្រជាជនចិន ទាំងមូល បានត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងក្នុងការរៀបចំ ជាទីលានប្រយុទ្ធមួយ រង់ចាំទទួលសត្រូវ មកពីចម្ងាយក្នុងគ្រប់ទិស ដោយប្ដេជ្ញាចិត្តខ្ពស់ថា នឹងមិនអង្គុយមើលសភាពការណ៍ មកលើរាល់អំពើឈ្លានពានយ៉ាងកម្រោលព្រៃផ្សៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់ចិនយ៉ាងអយុត្តិធម៌ជាដាច់ខាត! ហើយពួកចក្រពត្តិហ្វាក់ស៊ីសនេះនឹងទទួលរងនូវការវាយបកយ៉ាងដំណំ ចាស់ដៃ ពីកងទ័ពរំដោះប្រជាជនចិនក្នុងគ្រប់ទិដ្ឋភាពជាមិនខានឡើយ!។ប្រជាជាតិចិនថ្ងៃនេះ ខុសនិងប្រជាជនចិនក្នុង១០០ឆ្នាំមុននៃការឈឺចាប់ ទុកឱ្យពួកបិសាចយក្សចក្រពត្តិហ្វាក់ស៊ីសរួមគ្នាហែកស៊ីចិនតាមតែអំពើចិត្ត! ថ្ងៃនេះ លែងមានឱកាសជិះជាន់ប្រជាជាតិចិនបានដូចមុនទៀតឡើយ!។
បើពិនិត្យមកលើពាក្យសម្ដី ដែលចិន ធ្លាប់បានប្រើប្រាស់ នៅមុនពេលដែលមានសង្រ្គាមកើតឡើងលើឧបទ្វីបកូរ៉េនាឆ្នាំ១៩៥០ សង្រ្គាមចិន-ឥណ្ឌា ឆ្នាំ១៩៦២ ការប៉ះទង្គិចគ្នារវាងចិននិងសូវៀត នៅតាមបណ្ដោយព្រំដែន Damansky នាឆ្នាំ១៩៦៩ និងសង្រ្គាមផ្ដល់មេរៀនឱ្យវៀតណាមក្នុងការលើកទ័ពចូលកាន់កាប់ប្រទេសកម្ពុជានាឆ្នាំ១៩៧៩មក! ដែលពេលនោះ ឃើញថាអ្នកកាន់អំណាច របស់ចិនប្រើពាក្យ ប្ដេជ្ញាមិនអង្គុយមើលសភាពការណ៍ដូចមុនទៀត ដែលនេះអាចជា បទបញ្ជាយោធាមួយ ដោយចង់បង្ហាញឱ្យគូបដិបក្ខក្នុងការស្ទាក់ស្ទើរចង់ប្រើប្រាស់ នូវកម្លាំងបាយ ក្នុងការដោះស្រាយ នូវរាល់បញ្ហារបស់ឧបទ្ទវហេតុ ជាចេតនាណាមួយ នៅពេលដែលសភាពការណ៍បង្ខំចាំបាច់នោះ!។
សហនិមិត្តហេតុ នយោបាយ ទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ នៅលើតុចរចារវាងចិនប្រជាមានិត ជាមួយនិងសហរដ្ឋអាមេរិកនៅ Alaska នាពេលថ្មីៗនេះ ដោយចិនបានអះអាងថា ក្នុងសករាជនេះ មិនអនុញ្ញាតឱ្យអាមេរិកនិយាយជាមួយចិនក្នុងឋានៈមើលមកខ្លួនជាងបងធំឡើយ!
អាចនិយាយបានថា សតវត្សរ៍ទី២១នេះ ជាសករាជ របស់ជនជាតិអាស៊ី ដែលជាជនជាតិមួយ ធ្លាប់រស់និងត្រូវបានពួកចក្រពត្តិ អាណានិគមនិយម និងពួកហ្វាក់ស៊ីស ធ្វើការជិះជាន់ ហែកហួរតាមតែអំពើចិត្តអស់រយៈកាលជាង៣០០ឆ្នាំក្រោមលេសថា មកដើម្បីពាំនាំនូវពន្លឺអរិយធម៌គ្រិស្តស្ទីន មកឱ្យជនអាស៊ីនោះ (Sic)! ធាតុពិត គឺមកឆក់់ប្លន់សម្បត្តិធម្មជាតិ មកសាបព្រោះនូវសាសនាមួយ ដែលផ្ទុយទៅនឹងទំនៀមទម្លាប់ ប្រពៃណីមានមកពីដូនតា ទៅជាបម្រើផលប្រយោជន៍ ទៅឱ្យពួកអភិជនវ៉ាទីកង់ ពួករ៉ូម៉ាំងកាតូលិកសោះ!។
ចិនថ្ងៃនេះ ជានិមិត្តរូបតំណាង ឱ្យប្រជាជនអាស៊ីទាំងអស់ ក្នុងការក្រោកឈរឡើង នៅចំពោះមុខ ពួកចក្រពត្តិ អាណានិគមនិយម ហ្វាក់ស៊ីស ក្នុងការអះអាងឥស្សរភាពរបស់ខ្លួន ចិនតំណាងឱ្យប្រជាជាតិអាស៊ីដែលត្រូវគេជិះជាន់ ចិនជាមិត្តរបស់បណ្ដាប្រជាជាតិក្រីក្រ ក្នុង តតីយលោកក្នុងការជួយកសាងប្រទេសឡើងវិញក្រោមផែនការ ផ្លូវមួយខ្សែក្រវាត់មួយ!។
ដោយឡែកក្នុងបរិបទ របស់តំបន់ ដែលក្នុងផែនការ BRIនេះ គឺ BRI បានបំពេញមុខងារមួយយ៉ាងសំខាន់បំផុតក្នុងការផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនមកឱ្យកម្ពុជានិងឡាវ ពិសេសគឺបានជួយកាត់បន្ថយនូវអត្រាភាពក្រីក្រក្នុងប៉ុន្មានឆ្នាំនេះ គួរឱ្យពេញចិត្តបំផុត ក្រៅពីការជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននោះ ក៏ធ្វើឱ្យប្រទេសពីរនេះរក្សាបានឯករាជ្យភាព ឥស្សរភាពនៅចំពោះមុខអនុភាពអគតិពីខាងក្រៅបាន!។
ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពិសេសគឺបន្ទាប់ពី Trump ឡើងកាន់អំណាច ក្នុងផលប្រយោជន៍សេដ្ឋកិច្ច បម្រើឱ្យអនុត្តរភាព America First នោះ អាមេរិកបានរួមដៃជាមួយជប៉ុន ឥណ្ឌា និងអូស្រ្តាលីប្រែក្លាយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៅជាទីតាំងយុទ្ធសាស្រ្តមួយនៅលើក្ដារអុកភូមិសាស្រ្តនយោបាយពិភពលោក! ហើយចាប់តាំងពីពេលនោះមួយ តំបន់សមុទ្រចិនខាងត្បូងមួយនេះ បានក្លាយទៅជាតំបន់ដែលបានផុសផុលជាងគេបំផុត ជាកន្លែងប្រសព្វផ្លូវចរាចរអន្តរជាតិ ដែលគេឃើញគ្រប់មធ្យោបាយចម្បាំង តាំងពីនាវារត់ដោយថាមពលបរមាណូ រហូតដល់នាវាចម្បាំងយក្សធំៗរួមទាំងយន្តហោះចម្បាំងគ្រប់ប្រភេទបានមានមុខនៅទីនេះ ដែលពុំមែនជារឿងចៃដន្យនោះទេ! ក្រៅពីនេះក៏មានសកម្មភាពការងារ ការទូតអន្តរ ជាតូបនីយកម្មមួយ ដ៏សកម្មផុសផុល បំផុតពាក់ព័ន្ធទៅនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះផងដែរ!។
សភាពការណ៍មួយនេះ មិនត្រឹមតែប៉ុណ្ណឹង ព្រោះក្រៅពីអាមេរិក និងប្រទេសមួយចំនួននៅក្នុងតំបន់ ស្រាប់តែមានប្រទេសអឺរ៉ុបមួយចំនួន ផ្សេងទៀត បែរទៅជាមានចំណាប់អារម្មណ៍មកលើ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមរូបភាពជាដៃគូសហប្រតិបត្តិការ ជាសម្ព័ន្ធភាពផ្សេងគ្នា ស្ថិតនៅជុំវិញយុទ្ធសាស្រ្តប៉ាស៊ីហ្វិក ដែលមើលទៅគ្មានអ្វីក្រៅពីគោលដៅតែមួយគត់ គឺការរារាំង ទប់ស្កាត់ឥទ្ធិពលមួយ ថ្ងៃកាន់តែរីកធំធាត់ របស់ចិនប្រជាមានិត ទាំងក្នុងតំបន់ និងលើពិភពលោកនោះ!។
ក្រោយសង្រ្គាមលោកលើកទី២ ផែនការ Marshall របស់អាមេរិក គឺជាខ្សែក្រវាត់យុទ្ធសាស្រ្តមួយធំបំផុត ក្នុងការគ្របដណ្ដប់មកលើទ្វីបអឺរ៉ុបទាំងមូល ក្នុងការជួយស្ដារប្រទេសទាំងអស់នេះ ក្រោយសង្រ្គាមហិនហោច បំផ្លិចបំផ្លាញ ក៏ដើម្បីពង្រីកនិងពង្រឹងអត្ថិភាព កិត្យានុភាព និងឥទ្ធិពលរបស់ Uncle SAM នៅលើដែនដីអឺរ៉ុប និងក្រោយមកផែនការ Marshall នេះបានប្រែក្លាយ ទៅជាកំពែងយុទ្ធសាស្រ្តមួយ ក្នុងការទប់ទល់ ប្រឆាំងទៅនឹងមហាអំណាចក្រហម គឺសហភាពសូវៀត នោះទៅវិញទេ! ដែលទោះបីជាអាមេរិកបានប្រកាសថា គោលនយោបាយ Marshall plan គឺជានយោបាយផ្ដល់ជំនួយ មនុស្សធម៌ សំដៅទប់ស្កាត់ទៅនឹង ការអត់ឃ្លាន ភាពក្រីក្រ ការអស់សង្ឃឹម និងភាពវឹកវរ អនាធិបតេយ្យ ក្រោយសង្រ្គាមនៅក្នុងបណ្ដាប្រទេសទាំងនោះក៏ដោយ!។ បើសហភាពសូវៀតវិញយល់ឃើញថា ផែនការ Marshall របស់អាមេរិក គឺមានបំណងច្បាស់លាស់ ក្នុងការចង់ឱ្យក្រុមប្រទេសអឺរ៉ុប ទាំងនេះ ចំណុះ រណបក្រោមនយោបាយ របស់អាមេរិក! ធ្វើឱ្យប្រទេសទាំងអស់ ដែលទទួលជំនួយពីផែនការ Marshall និងបាត់អស់ឯករាជ្យភាព ឥស្សរភាពខាងនយោបាយ! បម្រើឱ្យតែគោលនយោបាយរបស់អាមេរិកតែមួយគត់! ក្នុងទស្សនទានមួយនេះ ទើបសហភាពសូវៀត និងពួកប្រទេសអឺរ៉ុបខាងកើតទាំងអស់ បដិសេធមិនទទួលយកនូវផែនការ Marshall មួយនេះ!។
ក្នុងបណ្ដាទសវត្សរ៍ទី៩០ ពេលដែលសង្រ្គាមត្រជាក់ចប់ ប្រព័ន្ធសង្គមនិយមត្រូវបានដួលរលំ! ពិភពលោកវិលមកស្ថានភាពឯកប៉ូលដោយសហរដ្ឋអាមេរិកវិលមកជាមហាអំណាចផុតលេខរួចបន្តត្រួតត្រាពិភពលោកអស់រយៈកាលជាង២០ឆ្នាំ! ទើបនៅពេលដែលចិនប្រកាសគោលនយោបាយ BRI នាឆ្នាំ២០១៣មក ទើបអ្នកកាន់អំណាចរបស់អាមេរិកមើលឃើញស្ថានភាពអន្ទាក់ Thucydides មួយនៅចំពោះមុខរវាងក្រុង Washington និងប៉េកាំងលេចចេញឡើងយ៉ាងពិតប្រាកដនោះ!។
មុននេះ២០០ឆ្នាំ អធិរាជ Napoleon ធ្លាប់បានធ្វើការនិទស្សន៍ថា បើចិនដេក ទុកឱ្យគាត់គេងលក់ទៅ!ព្រោះបើធ្វើឱ្យគាត់ភ្ញាក់ពិភពលោកនេះនឹងរង្គោះរង្គើ!។ ចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ វិញ ក្នុងចក្ខុយុទ្ធសាស្រ្តនៃភាពភ្លឺស្វាងរបស់ព្រះអង្គចំពោះចិនប្រជាមានិតក្នុងបណ្ដាឆ្នាំ៥០ ពេលដែលចិននៅតែជាប្រទេសកសិកម្ម អន់ថយនៅឡើយនោះ ដោយព្រះអង្គធ្លាប់បានអះអាងក្នុងការឱ្យមេរៀនប្រវត្តិសាស្រ្ត ជាមួយមហាយក្សអាមេរិកថា មិនយូរមិនឆាប់សហរដ្ឋអាមេរិកនឹងត្រូវតែបង្ខំចិត្តរៀបចំទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងយល់ព្រមឱ្យប្រទេសចិនចូលជាសមាជិកក្នុងអង្គការសហប្រជាជាតិជាមិនខាន!។
BRI ឬគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ ជាគម្រោងការដែល លោកប្រធានស៊ី ជិនភីង បានឱ្យឈ្មោះថាជា “ផែនការប្រចាំសតវត្សរ៍” ដោយផែនការ BRIនេះ បានគ្រប់ដណ្ដប់មកលើ៦៥ប្រទេសតភ្ជាប់គ្នាក្នុង៤ទ្វីប! BRI គឺជាគម្រោងការមានចរិតជាហេដ្ឋរចនាសម្ព័ន្ធ តភ្ជាប់គ្នាមួយដ៏វែងនិងធំបំផុត នៅលើពិភពលោកនេះ ដែលគម្រោងBRI នេះ គ្រោងត្រូវចំណាយទឹកប្រាក់អស់១ពាន់កោដិដុល្លារ គឺដើម្បីតែជាការកសាងបណ្ដាញគមនាគមន៍ដឹកជញ្ជូន មានផ្លូវគោក កំពង់ផែ វាលយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ទូរគមនាគមន៍ ល-ល… ដែលអាមេរិកនិងពួកសម្ព័ន្ធមិត្តលោកខាងលិចមើលឃើញថា BRIនេះគឺជាអំណាចស្រមោលមួយទាំងរឹងនិងទន់ (Soft and hard powers) ក្នុងការផ្ចាញ់ផ្ចាលChallenging ទៅនឹងផលប្រយោជន៍រួមទាំងអំណាចរបស់ពួកឥណ្ឌូប៉ាស៊ីហ្វិកនោះ!។ស្របទៅតាមមុននេះ ដូចដែល Churchill បាននិយាយក្នុង៦០ឆ្នាំមុនចំពោះសូវៀតថា ចាប់ពីដែនដី Stettin រត់រហូតដល់ឆ្នេរសមុទ្រBaltic ហួសទៅដល់ Trieste នាសមុទ្រAdriatic គឺនឹងមានវាំងននដែក (Iron Curtain )មួយ ត្រូវបានទម្លាក់ចុះកាត់ទទឹងទ្វីបអឺរ៉ុបទាំងមូល! សូវៀតពុំមានបំណងធ្វើសង្រ្គាមទេ! តែអ្វីដែលសូវៀតបានធ្វើ កំពុងតែធ្វើ និងត្រៀមធ្វើខាងមុខទៀត គឺជាបំណងនៃលទ្ធផលរបស់សង្រ្គាម និងជាការបន្តពង្រីកវាតទីដែលគ្មានទីកំណត់អំពីសិទ្ធិអំណាច និងលទ្ធិក្រហមរបស់ពួកគេនោះ!។
លើមូលដ្ឋាន នៃយុទ្ធសាស្រ្តការពារ ផលប្រយោជន៍ ទាំងនេះ ទើបសហរដ្ឋអាមេរិកនិងបក្សសម្ព័ន្ធរបស់ខ្លួន បានរួមគ្នាកសាងនូវជញ្ជាំង Berlin មួយលើសមុទ្រចិនខាងត្បូង ដែលជញ្ជាំងនេះរត់ពីម្ដុំសមុទ្រលឿង មកតភ្ជាប់សមុទ្រប៉ាស៊ីហ្វិក ហើយរត់រហូតដល់សមុទ្រឥណ្ឌា ដែលពួកគេឱ្យឈ្មោះថា យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកនោះ!។
នៅចំពោះមុខ ស្ថានភាពយ៉ាង Fragile ដូច្នោះ ជាការឆ្លើយតបទៅនឹង ឥរិយាបថនយោបាយ ក្នុងការជ្រៀតជ្រែក របស់អាមេរិក យ៉ាងកម្រោលនេះ ចិនបានធ្វើការព្រមានយ៉ាងដាច់អហង្ការ កុំឱ្យមានសកម្មភាព អមិត្តណាមួយ ក្នុងការបង្កហេតុ បង្កើតរឿង កកូរសមុទ្រចិនខាងត្បូង ឱ្យសោះ! បន្ទាប់ពីមានការបង្កើន កងនាវាចម្បាំងរបស់អាមេរិកផង របស់ពួកសម្ព័ន្ធមិត្តផង នៅក្នុងតំបន់មួយនេះ ពួកនេះក៏មានភាពពិសពុល ដោយយកបញ្ហាកោះតៃវ៉ាន់ធ្វើជាចំណាប់ខ្មាំងចំណុចក្ដៅនៃលេសនយោបាយមួយដ៏មិនសមហេតុផលនោះរវាងចិននិងដែនដីតៃវ៉ាន់! ចិនបានស្នើឱ្យប្រទេសក្រៅតំបន់មួយចំនួន ត្រូវមានចក្ខុវិស័យអត់ធ្មត់ កុំនាំគ្នាធ្វើឱ្យមានភាពវឹកវរ តាមការអូសទាញរបស់ពួកឈ្មួញសង្រ្គាម (Warmonger)សោះឡើយ!។ ការតិះទៀនវាយប្រហារមកលើចិន គឺផ្ដើមចេញពីទស្សនៈបុរេវិនិច្ឆ័យ (Prejudice) ទាំងអស់ រួមទាំងពុំមានការយល់ដឹងអំពីចិនយ៉ាងតិចតួចបំផុតសោះ!។
ក្នុងឧត្តមប្រយោជន៍ និងទស្សនៈជាតិនិយមខ្ពស់ ចិនមិនវាយប្រហារ មកលើកោះតៃវ៉ាន់ឡើយ!
នៅក្នុងស្ថានការណ៍ អយតនភាព យ៉ាងនេះក៏មានព្រឹត្តិការណ៍ នយោបាយមួយគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំ មុនផងដែរ ដោយមានប្រមុខកងទ័ពជើងទឹករបស់តៃវ៉ាន់ប្រចាំ នៅតំបន់ប៉ាស៊ីហ្វិក បានប្រកាស ជាសាធារណៈថា ក្នុងករណីដែលមានការផ្ទុះអាវុធជាយោធា រវាងចិនប្រជាមានិតជាមួយ នឹងកងទ័ពបរទេស គឺតៃវ៉ាន់នឹងចេញមុខផ្ដល់ការគាំទ្រ ដល់កងទ័ពប្រជាជនចិន!។
យោងទៅតាម ការប្រកាសរបស់ប្រមុខយោធារូបនេះ ស្របទៅតាមក្នុងកាលៈទេសៈមួយដ៏វិសេសយ៉ាងដូច្នោះ គឺកងទ័ពរបស់ប្រជាជនចិន និងកងទ័ពរបស់តៃវ៉ាន់ គួររួមគ្នាទៅជា “សម្ព័ន្ធភាពយោធា” មួយនឹងគ្នា!។ ហើយចំពោះការប្រឆាំងទៅនឹង កម្លាំងពីខាងក្រៅនោះ ជាប្រការដែលកងទ័ព របស់ប្រជាជនចិន រួមជាមួយនឹងកងទ័ពតៃវ៉ាន់ ដែលកងទ័ពទាំងពីរនេះ សុទ្ធតែជាកងទ័ព របស់ជាតិចិនតែមួយប៉ុណ្ណោះ!។
ប្រមុខកងទ័ពជើងទឹក របស់តៃវ៉ាន់រូបនេះ បានឱ្យដឹងបន្ថែមទៀតថា ដើម្បីដោះស្រាយនូវបញ្ហាវិវាទសមុទ្ររវាងចិនជាមួយបណ្ដាប្រទេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ប្រការដែលសំខាន់បំផុតនេះ គឺអាស្រ័យទៅដោយឥរិយាបថនយោបាយរបស់ចិនប្រជាមានិតទាំងអស់! តែបើយោងទៅតាមសេចក្ដីសន្និដ្ឋានរបស់មេទ័ពតៃវ៉ាន់រូបនេះ គឺឥរិយាបថបច្ចុប្បន្នរបស់ចិនប្រជាមានិតមកលើសភាពការណ៍ដែលកំពុងតែវិវត្តន៍តានតឹងលើបញ្ហាវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ គឺចិនប្រជាមានិតនៅពុំទាន់មានភាពមោះមុតដាច់ខាតនៅឡើយទេ!។
ក្នុងបរិបទនៃសភាពការណ៍មួយ យ៉ាងដូច្នោះ គឺសាធារណរដ្ឋប្រជាមានិតចិន ចាំបាច់ត្រូវធ្វើសេចក្ដីអំពាវនាវ ដល់កងទ័ពទាំងអស់ ទាំងចិនដីគោក ទាំងចិនតៃវ៉ាន់ ឱ្យរួបរួមគ្នាការពារ “ ទ្រព្យសម្បត្តិរួមរបស់បុព្វបុរស” ការពារនូវអ្វី ដែលបុព្វបុរសចិន បានបន្សល់ទុកឱ្យកូនចៅចិននាពេលនេះ គឺត្រូវរួមគ្នារក្សាការពារឱ្យបានគង់វង្ស! ដូច្នោះ ទាំងកងទ័ពចិនប្រជាមានិត ទាំងកងទ័ពចិនតៃវ៉ាន់ មានកាតព្វកិច្ចមួយដ៏ពិសិដ្ឋក្នុងការការពារនូវអ្វីដែលជាកេរមរតកដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្លួនបន្សល់ទុកឱ្យនោះ!។
ក្រៅពីនេះ ប្រមុខកងទ័ពជើងទឹក ចិនតៃវ៉ាន់ ក៏បានអះអាងបន្ថែមទៀតថា បច្ចុប្បន្នក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក កងទ័ពតៃវ៉ាន់ មានមូលដ្ឋានយោធាធំៗ ច្រើន ដូច្នោះនៅពេលដែលមានភាពអាសន្ន ប្រទូស្តរាយជាអាវុធ គឺកងទ័ពប្រជាជនចិនត្រូវអរគុណតៃវ៉ាន់ ដោយមូលដ្ឋានកងទ័ពតៃវ៉ាន់ទាំងនេះអាចជាទីតាំង ជារណសិរ្សក្រោយមួយយ៉ាងរឹងមាំ ក្នុងការផ្គត់ផ្គង់ទឹកស្អាត ប្រេងឥន្ធនៈ សម្ភារចាំបាច់ ល-ល… សម្រាប់សកម្មភាពយោធាទាំងឡាយរបស់កងទ័ពប្រជាជនចិនក្នុងការប្រើប្រាស់ ដើម្បីបុព្វហេតុរំដោះជាតិចិន!។
យោងទៅតាមការវិភាគ របស់មជ្ឈដ្ឋាន អ្នកនយោបាយ ក្នុងតំបន់បានសម្គាល់ឃើញថា មុននេះក្នុងបណ្ដាឆ្នាំ៧០ ដល់ឆ្នាំ១៩៩០ តៃវ៉ាន់តែងតែ មានគោលនយោបាយ Utmost Restrain និង Moderate ជាទីបំផុត មកលើបញ្ហាសមុទ្រចិនខាងត្បូងនេះ! ហើយនៅពេលដែលមានការប៉ះទង្គិចគ្នាម្ដងម្កាល អំពីអធិបតេយ្យភាព មកលើដែនកោះ ដែនសមុទ្រ ដែលកាន់កាប់ទៅដោយ អាជ្ញាធររបស់តៃវ៉ាន់ នោះ គឺតៃវ៉ាន់ពុំមានទោះបីសកម្មភាពយោធាណាមួយ ក្នុងការារាំង ទប់ទល់ឡើយ! ក្រៅពីការប្រតិកម្ម តាមរយៈលិខិតឬកំណត់ទូត ចំពោះការបំពារបំពាន មកលើដែនដី ដែនទឹករបស់តៃវ៉ាន់ក្នុងកម្រិតតំបន់តែប៉ុណ្ណោះ!។ ក៏ប៉ុន្តែបន្ទាប់ពី មានសភាពការណ៍ តានតឹង ពាក់ព័ន្ធច្រើនប្រទេសនៅលើ តំបន់សមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ ស្រាប់តែតៃវ៉ាន់ ចេញសេចក្ដីប្រកាសអះអាង ដែនអធិបតេយ្យភាពរបស់ខ្លួន មកលើប្រជុំមួយចំនួន ក្នុងតំបន់សមុទ្រចិនខាងត្បូង នេះឯងផងដែរ ដែលជាហេតុការណ៍មួយ គួរឱ្យកត់សម្គាល់ក្នុងបរិបទថ្មីមួយនេះ!។
ការប្រកាសអះអាងនេះ ធ្វើឱ្យគេនឹកឃើញដល់ សម័យសង្រ្គាមលោកលើកទី២ ពេលដែលកងទ័ពកុម្មុយនីស្ត ដឹកនាំដោយលោកប្រធាន ម៉ៅ សេទុង បានរួបរួមជាមួយកងទ័ពជាតិ គួមីងតាង ដឹកនាំដោយសេនាប្រមុខ ជៀង កាយជៀក ដោយអ្នកទាំងពីរនេះ បានសម្រេចដាក់មនោគមន៍វិជ្ជាទៅម្ខាង រួចលើកកម្ពស់ ឧត្តមប្រយោជន៍ជាតិ ហើយរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងសត្រូវរួមជាប្រវត្តិសាស្រ្ត គឺការឈ្លានពានរបស់កងទ័ពហ្វាក់ស៊ីសជប៉ុនមកលើប្រជាជាតិចិន ក្រោមបាវចនាជាតិចិន តែមួយនោះ!។
ថ្មីៗនេះ ទាំងចិន ទាំងហ្វីលីពីន វៀតណាម រួមនឹងប្រទេសអាស៊ានមួយចំនួន និងអាមេរិក បានធ្វើសមយុទ្ធយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ ដោយឡែកកងទ័ពជើងទឹករបស់ចិនវិញ រួមមាននាវាផ្ទុកយន្តហោះ នាវាចម្បាំងធុនធ្ងន់ ជាច្រើនគ្រឿង មានទាំងយន្តហោះប្រតិកម្ម គ្រប់ប្រភេទ ក៏បានចូលរួមការធ្វើសមយុទ្ធយោធា ដោយឡែកនៅក្នុងតំបន់សមុទ្រចិនខាងត្បូងវិញ រត់ពីតំបន់់សមុទ្រលឿង ចុះរហូតដល់តំបន់សមុទ្រជិតទៅតំបន់សមុទ្រឥណ្ឌូនេស៊ីនិងហ្វីលីពីន ព្រមទាំងបានប្រកាសថា នាវាទាំងអស់របស់ចិនបានតាមដានដោយយកចិត្តទុកដាក់ជាទីបំផុត មកលើនាវាទាំងឡាយណាដែលដោតទង់ជាតិបរទេស តែធ្វើសកម្មភាពនៅក្នុងតំបន់សមុទ្រដែលចិនប្រកាសថា ជាដែនទឹកក្នុងអធិបតេយ្យភាពរបស់ចិននោះ!។
ចំណុចក្ដៅ ចាប់មាននៅលើសមុទ្រចិនខាងត្បូង រត់រហូតដល់កោះតៃវ៉ាន់ ឡើងទៅកាន់តំបន់អាស៊ីបូព៌ា !
ប្រមុខរដ្ឋដំបូងបង្អស់ ដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ទទួលជួបនិងធ្វើសវនាការ នៅសេតវិមាន គឺលោក Suga Yoshihide នាយករដ្ឋមន្រ្តីជប៉ុន នាថ្ងៃទី១៦ មេសា ២០២១នេះ។ ក្នុងឧបទ្ទវហេតុនយោបាយមួយនេះ ក៏ជាការកត់សម្គាល់ផងដែរថា ប្រទេសដំបូងដែលលោក Suga បានបំពេញទស្សនកិច្ចបន្ទាប់ពីការឡើងកាន់អំណាចភ្លាមគឺ វៀតណាមផងដែរ នាថ្ងៃទី១៨ តុលា ២០២០។
នៅក្នុងព្រឹត្តិការណ៍ នយោបាយមួយនេះ បានបញ្ជាក់ឱ្យឃើញ នូវសារសំខាន់មួយ ក្នុងចក្ខុវិស័យ នៃភូមិសាស្រ្តនយោបាយ របស់មហាអំណាចទាំងពីរ អាមេរិកនិងជប៉ុន មានការមើលឃើញដូចគ្នា ក្នុងទស្សនៈយុទ្ធសាស្រ្ត អំពីចិន!។ ក្នុងបរិបទមួយនេះ ទើបសហរដ្ឋអាមេរិកនិងជប៉ុនជាស្ថាបនិកក្នុងការរួមគ្នាបង្កើតឡើង TPP ផង ក្រោយមក Indo-Pacific ផង ក្នុងគោលដៅយុទ្ធសាស្រ្តតែមួយគត់គឺ ដើម្បី Containment មកលើអំណាចរបស់ចិន ដោយយកវៀតណាម ធ្វើជាកូនអុក!។
ពាក់ព័ន្ធដល់ការកៀរគរ ជាកម្លាំងចលករ ពហុភាពនេះ ចិនធ្លាប់បានព្រមានអាមេរិក ជប៉ុន រួមទាំងបក្សសម្ព័ន្ធ ទាំងអស់ឱ្យឈរឆ្ងាយ ពីការវិវាទសមុទ្រចិនខាងត្បូងនេះ ដោយសុំឱ្យពួកនេះ កុំលេងជាមួយភ្លើង! ហើយថែមទាំងបានចំអកថា បូកទាំងជប៉ុន ឥណ្ឌា វៀតណាម និងហ្វីលីពីនទៅជាប្លុកតែមួយក៏គ្មានធ្វើអ្វីចិនបានដែរ កុំថាឡើយគំរាមកំហែងចិនបាននោះ!។
ឥរិយាបថនយោបាយ របស់ចិនកន្លងមក បានធ្វើឱ្យជប៉ុន មានការបារម្ភយ៉ាងជ្រាលជ្រៅ ដោយចិនបានអះអាង ជាផ្លូវការថា តំបន់សមុទ្រ East Sea ក៏ស្ថិតនៅក្នុងCore Interests របស់ចិនផងដែរនោះ!។ ព្រោះនៅតំបន់ East Sea នេះ ចិនកំពុងនៅមានការដណ្ដើម វិវាទអធិបតេយ្យភាពមកលើប្រជុំកោះ Daiyutai / Senkaku ដែលបច្ចុប្បន្នកោះនេះស្ថិតក្រោមការគ្រប់គ្រងដោយជប៉ុន ដែលតែងតែមាននាវាទាំងយោធា ទាំងកប៉ាល់នេសាទរបស់ចិនច្រើនតែចូលមកអុកឡុក បង្កហេតុនៅក្នុងតំបន់សមុទ្រមួយនេះមិនឈប់មិនឈរឡើយ!។
នរណាក៏ដឹងដែរថា ក្នុងសភាពការណ៍បច្ចុប្បន្នមួយនេះ ចិនដាច់ខាតមិនរាថយ ក្នុងទោះបីនូវហេតុផលណាមួយ ដែលមានការពាក់ព័ន្ ធទៅនឹងបូរណភាពទឹកដីនោះ! ហើយ ចិនបានប្ដេជ្ញាការពារ អធិបតេយ្យភាព របស់ខ្លួន លើតំបន់សមុទ្រចិនខាងត្បូង ទោះបីនៅក្នុងតម្លៃមួយដ៏ថ្លៃបំផុតក៏ដោយ!។
កត្តាតៃវ៉ាន់ នៅលើក្ដារអុក យុទ្ធសាស្រ្តយោធា ពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូង!
បន្ទាប់ពីមាន អ្នកការទូតជាន់ខ្ពស់ របស់វៀតណាម ម្នាក់បាន Warning អំពីការផ្ទុះសង្រ្គាមនៅលើ តំបន់សមុទ្រចិនខាងត្បូង នាអង្គសិក្ខាសាលា នាថ្ងៃទី៤ វិច្ឆិកា ២០១១ នៅ Hanoi ដែលស្របពេលក៏មានជំនោរ នយោបាយមួយ ក្នុងការវាយតម្លៃអំពីតួនាទីរបស់តៃវ៉ាន់ ក្នុងការពាក់ព័ន្ធ ទៅនឹងផលប្រយោជន៍ មកលើសមុទ្រចិនខាងត្បូងផងដែរ!។
បញ្ហាសមុទ្រចិនខាងត្បូង ស្រាប់តែលេចឡើង នូវចំណោទអាថ៌កំបាំងមួយ នៅពេលដែលតៃវ៉ាន់ បង្ហាញពិភពលោក ឱ្យឃើញថា អាជ្ញាធរតៃវ៉ាន់ មានបំណងចង់ ចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព (Peace Treaty)ជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងគោលបំណងនេះ គួបផ្សំទៅនឹងសេចក្ដីប្រកាសរបស់មេទ័ពជើងទឹកតៃវ៉ាន់ម្នាក់នាពេលកន្លងមកនោះ បានធ្វើឱ្យអ្នកវិភាគយុទ្ធសាស្រ្តមើលឃើញថា បញ្ហាសមុទ្រចិនខាងត្បូង បានរំកិលទៅរកការ ប្រឈមមុខដ៏គ្រោះថ្នាក់មួយ ជាទីបំផុតនាពេលអនាគត!។
នៅចំពោះមុខ នៃសភាពការណ៍ យ៉ាងម៉ឺងម៉ាត់ របស់ពួកប្រទេសពាក់ព័ន្ធ (Claimant States)នៅក្នុងតំបន់នាពេលថ្មីៗនេះ ជុំវិញវត្តមាននូវបណ្ដានាវាចម្បាំងរបស់ចិន ចុះមកធ្វើសកម្មភាព ទាំងថ្ងៃទាំងយប់ នាម្ដុំសមុទ្រចិនខាងត្បូង ពិសេសជិតម្ដុំកោះរបស់ហ្វីលីពីន ដែលហ្វីលីពីនអះអាងថា ជាដែនអធិបតេយ្យភាព ដាច់មុខរបស់ខ្លួននោះ! បានធ្វើឱ្យពិភពលោក មានការបារម្ភ និងមើលឃើញបញ្ហានេះ ដូចជាចំណុចក្ដៅគគុកមួយនៅក្នុងតំបន់ក្ដៅជាងគេ ដែលចិនបានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់វៀតណាមទៅទៀត(Sic)!។
មូលហេតុដែលនាំឱ្យ គេមើលឃើញ សភាពការណ៍ក្ដៅ ជាងវៀតណាម គឺដោយវៀតណាម ពុំមានការចងសម្ព័ន្ធភាព យោធាណាមួយ ដែលមានភាពស្អិតរមួត សំដៅរក្សាតុល្យភាពលើទីលានប្រយុទ្ធ ជាមួយចិននោះ នៅពេលនេះឡើយ!។
បើហ្វីលីពីនវិញ ជានិច្ចត្រូវបានសហរដ្ឋអាមេរិក ជួយបំពងសំឡេង ក្នុងការអះអាង អំពីការផ្ដល់ការការពារ ចំពោះហ្វីលីពីន ដោយការការពារនេះ ផ្អែកមកលើសន្ធិសញ្ញាការពារជាតិរួម ដែលប្រទេសទាំងពីរនេះ ហ្វីលីពីន-អាមេរិក បានចុះហត្ថលេខា នាឆ្នាំ១៩៥១មកម្ល៉េះ!។
តៃវ៉ាន់ កត្តាថ្មីលើក្ដារអុកយុទ្ធសាស្រ្តក្នុងតំបន់សមុទ្រចិនខាងត្បូង!៖ មានព្រឹត្តិការណ៍មួយផ្សេងទៀត ដែលធ្វើឱ្យពួកអ្នកសង្កេតការណ៍ នយោបាយ ក្នុងតំបន់ មានការចាប់អារម្មណ៍ផ្ដោត ការយកចិត្តទុកដាក់ យ៉ាងពិសេសនោះ គឺការបង្ហាញឥរិយាបថថ្មីរបស់មជ្ឈដ្ឋានអ្នកនយោបាយ និងពួកយោធា របស់តៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំមុននោះ ដោយមានមេបញ្ជាការកងទ័ពជើងទឹក តៃវ៉ាន់ម្នាក់បានប្រកាសថា ក្នុងករណីមានការផ្ទុះអាវុធ ប៉ះទង្គិចជាយោធារវាងចិនជាមួយពួកប្រទេសនៅក្នុងតំបន់នោះ គឺកងទ័ពតៃវ៉ាន់ដែលឈរជើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកទាំងអស់ នឹងចេញប្រតិបត្តិការផ្ដល់ការគាំទ្រដល់កងទ័ពប្រជាជនចិន!។
ជំនោរខ្យល់ បានប្ដូរទិសទាក់ទង ដល់ជំហររបស់តៃវ៉ាន់ ចំពោះចិនប្រជាមានិត អាស្រ័យទៅដោយមេដឹកនាំ!៖ សេចក្ដីប្រកាសប្រកប ទៅដោយភាពភ្ញាក់ផ្អើលមួយនេះ បានបង្ខំឱ្យពួកប្រទេសនៅក្នុងតំបន់ ពិនិត្យឡើងវិញ នូវគោលនយោបាយ ការបរទេស របស់ខ្លួន ចំពោះការប្រកាសបង្ហាញឡើង នូវទស្សនៈនយោបាយ មួយយ៉ាងចំហរ និងមានចរិតជាតិនិយម តម្កល់ផលប្រយោជន៍ជាតិចិនខ្ពស់ របស់មេទ័ពតៃវ៉ាន់រូបនេះ! ហើយមិនត្រឹមតែប៉ុណ្ណោះ ឧត្តមសេនីយ៍ជើងទឹករូបនេះ បានប្រកាសយ៉ាងលម្អិត ជាងនេះ ដោយបញ្ជាក់ថា កងទ័ពតៃវ៉ាន់ ដែលឈរជើងនៅតំបន់ប៉ាស៊ីហ្វិក នឹងមិនផ្ដល់ការគាំទ្រ ឧបត្ថម្ភលើផ្នែកយោធាណាមួយ ដល់កងទ័ពជាតិហ្វីលីពីនឡើយ! ដូច្នោះមានន័យថា ក្នុងករណីមានឧបទ្ទវហេតុ ដែល ហ្វីលីពីនឬវៀតណាម ធ្វើការឈ្លានពានកាន់កាប់ មកលើបណ្ដាកោះ ក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក ទាំងនេះ ក៏កងទ័ពចិនប្រជាមានិត ត្រូវតែជួយផ្ដល់ការគាំទ្រ ឱ្យកងទ័ពតៃវ៉ាន់ វិញផងដែរ!។
ឈាមរបស់ជាតិចិន មួយតំណក់ស្មើនឹងទឹកសាបមួយទន្លេ!៖ នៅលើទស្សនទានជាតិនិយមមួយនេះ បានធ្វើឱ្យគេទាំងឡាយ មើលឃើញថា នេះជាស្មារតី ជាតិនិយមមួយថ្មីដែលតៃវ៉ាន់ផ្ញើសារជូនក្រុងប៉េកាំងជ្រាបថា យ៉ាងណាក៏ដោយក៏ មួយតំណក់ឈាមរបស់ជាតិចិនស្មើទៅនឹងទឹបសាបមួយទន្លេផងដែរ!។ ព្រោះក្នុងផែនការរួមរស់ក្នុងសុខសន្តិភាពរបស់តៃវ៉ាន់ក្នុងសភាពការណ៍ពេលនេះ យ៉ាងណាក៏បានធ្វើឱ្យមជ្ឈដ្ឋានអ្នកកាន់អំណាចរបស់ក្រុងប៉េកាំងរីករាយទទួលយក ដោយស្ងប់ចិត្ត ព្រោះក្នុងបរិបទនៃបច្ចុប្បន្នភាពនេះ ប្រការទុកឱ្យតៃវ៉ាន់ ស្ថិតនៅក្នុងស្ថានភាព Status Quo គឺជាដំណោះស្រាយមួយដ៏ល្អបំផុតនោះ! ព្រោះការផ្លាស់ប្ដូរជាយុទ្ធសាស្រ្តរបស់តៃវ៉ាន់យ៉ាងហោចណាស់ក៏ជាភាព Divide មួយចំពោះអ្នកភូមិផងរបស់តៃវ៉ាន់ ដែលក្នុងនោះមានជប៉ុន វៀតណាម ហ្វីលីពីនល-ល…នោះឯង!។
ការបែងចែក លើទីលានប្រយុទ្ធមួយនេះ ពុំបានធ្វើឱ្យអាមេរិក មានការភ្ញាក់ផ្អើលអ្វីនោះទេ!ដោយពេលថ្មីកន្លងទៅនេះ ប្រធានាធិបតី តៃវ៉ាន់ មុន បានប្រកាសយ៉ាងចំហរថា តៃវ៉ាន់ អាចពិនិត្យលទ្ធភាព ក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព ជាមួយនឹងចិនប្រជាមានិត! ដែលការចុះហត្ថលេខាលើ Peace Treaty នេះនឹងធ្វើឱ្យសភាពការណ៍ដែលកំពុងតែក្ដៅក្នុងតំបន់ អាចមានភាពធូរស្រាលចុះកម្ដៅរវាងប្រទេសទាំងពីរនេះនិយាយដោយឡែកនិងចំពោះតំបន់និយាយជារួម! តែក៏ជាការលំបាកមួយផងដែរ ក្នុងករណីដែលសហរដ្ឋអាមេរិក បដិសេធ មិនផ្ដល់ការគាំទ្ រដល់ផែនការសន្តិភាពមួយនេះឯង! ជាយថាភាព តៃវ៉ាន់ បានបោះដំឡូងក្ដៅ ទៅឱ្យអាមេរិកកាន់ នៅលើដៃ ដោយមិនដឹងខ្លួន!។ នៅក្នុងហេតុផលមួយនេះ បើអាមេរិក ប្រកាសគាំទ្រ Peace Treaty នេះ មានន័យថា អាមេរិក លែងមានសន្លឹកបៀរលេង នៅក្នុងតំបន់នេះទៀត! តែបើបដិសេធ មិនគាំទ្រផែនការសន្តិភាពនេះ មានន័យថាអាមេរិក ជាអ្នកស្នេហាសង្រ្គាម ជាឈ្មួញសង្រ្គាមនៅក្នុងតំបន់!។
ជាការពិត អស់រយៈកាលជាង៦០ឆ្នាំ អាមេរិកតែងតែ ជាបង្អែកមួយដ៏រឹងមាំរបស់កោះតៃវ៉ាន់ ហើយពីប្រធានាធិបតីមួយ ទៅប្រធានាធិបតីមួយ របស់អាមេរិក តែងតែចាត់ទុកសន្តិភាព របស់តៃវ៉ាន់ ជាអាទិភាពក្នុងគោលនយោបាយ ការបរទេសរបស់អាមេរិក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ! ព្រោះឈូងសមុទ្រតៃវ៉ាន់ ត្រូវបានអាមេរិកប្រមូលផ្ដុំថាមពលយោធាទាំងអស់ យកមកដាក់ និងការពារនៅទីនេះក្នុងគោលនយោបាយ Pivot នោះ!។
តែទោះបីស្ថិត ក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏តៃវ៉ាន់ នឹងមិនស្ថិតនៅក្រៅសង្វៀននៃការវិវាទលើសមុទ្រចិនខាងត្បូងនេះ ដោយតៃវ៉ាន់បានប្រកាសកាន់កាប់កោះ Itu Aba ដែលជាកោះមួយដ៏ធំបំផុត ក្នុងចំណោមជាង២០០កោះ ក្នុងប្រជុំកោះ Spratlys នាឆ្នាំ១៩៤៦ បន្ទាប់ពីកងទ័ព ហ្វាក់ស៊ីស ជប៉ុន ចុះចាញ់សង្រ្គាមលោកលើកទី២ ហើយបានប្រគល់កោះទាំងនេះទៅឱ្យតៃវ៉ាន់ (ធាតុពិតត្រូវប្រគល់កោះទាំងនេះទៅឱ្យអាណានិគមបារាំង) ដោយការប្រគល់នេះបានអនុលោមទៅតាមសន្ធិសញ្ញា Cairo ឆ្នាំ ១៩៤៣ នោះ។
បន្ទាប់ពីទទួលបាន Cadeau ជាកោះពីជប៉ុនមក តៃវ៉ាន់បានខិតខំប្រឹងប្រែងធ្វើឱ្យពិភពលោកមានចំណាប់អារម្មណ៍ថា កោះ Itu Aba នេះដូចជាកម្មសិទ្ធិ ជាដែនអធិបតេយ្យភាពដាច់មុខដោយតៃវ៉ាន់បានកសាងវាលយន្តហោះមួយដ៏ធំបំផុតនៅលើកោះមួយនេះ ដែលទោះបីជាការកសាងវាលយន្តហោះមួយនេះត្រូវរងការប្រឆាំងជំទាស់ពីប្រទេសជាច្រើននៅក្នុងតំបន់នេះក៏ដោយ!។
ភាពប្រឈមមួយដ៏ស្រួចស្រាវ ចំពោះវៀតណាម!៖ ចំណុចដែលធ្វើឱ្យអ្នកកាន់អំណាចរបស់វៀតណាម ចាប់អារម្មណ៍បំផុតនោះ គឺនៅពេលដែលមេទ័ពជើងទឹក តៃវ៉ាន់ រូបនេះនិយាយថា បច្ចុប្បន្ននេះលើតំបន់ប៉ាស៊ីហ្វិក កងទ័ពតៃវ៉ាន់ មានមូលដ្ឋានយោធាធំមួយចំនួន ដូច្នោះពេលដែលមានការប្រទូស្តរាយ ជាអាវុធ កងទ័ពប្រជាជនចិន គួរតែអរគុណតៃវ៉ាន់ ដោយមូលដ្ឋានយោធា របស់តៃវ៉ាន់ទាំងអស់នេះ គឺជាសមរភូមិ ក្រោយមួយដ៏រឹងមាំ ក្នុងការផ្ដល់ទឹកស្អាត ស្បៀង និងសម្ភារចាំបាច់ ដែលជាសេចក្ដីត្រូវការរបស់កងទ័ពប្រជាជនចិននោះឯង!។
ឆ្លងតាមការ ប្រកាសអះអាងនេះ អាចបញ្ជាក់ឱ្យឃើញថា កោះ Itu Aba នេះនឹងត្រូវតៃវ៉ាន់ប្រគល់ឱ្យចិនប្រជាមានិតដើម្បីប្រើប្រាស់ជា Springboard ក្នុងការពង្រីកឥទ្ធិពលយោធាលើសមុទ្រចិនខាងត្បូង ដើម្បីអាចជាថ្នូរដោះដូរយកសេចក្ដីសុខសាន្តរបស់តៃវ៉ាន់នោះ!។
យោងទៅតាមការវិភាគ របស់មជ្ឈដ្ឋានយោធា វៀតណាម ឱ្យដឹងថា នេះជានិន្នាការរួមរបស់ប្រទេសទាំងពីរនេះ គឺមានភាពឯកច្ឆ័ន្ធ ជាមួយគ្នាលើទស្សនៈ នយោបាយជាតិចិន ដោយពីដើមឡើយ ឃើញតែចិនប្រជាមានិត ធ្វើការគំរាមកំហែង មកលើ តៃវ៉ាន់ តែពុំដែលឃើញចិន មានគំនិតចង់ប្រើប្រាស់ កម្លាំងបាយ ពិតប្រាកដ មកលើតៃវ៉ាន់ ព្រោះជនជាតិចិន ដាច់ខាតមិនវាយជនជាតិចិន ដូចគ្នាឡើយ! ដែលថ្មីៗនេះ គេសម្គាល់ឃើញប្រមុខដឹកនាំមុនៗ របស់តៃវ៉ាន់ បានប្រកាសថា នឹងចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព Peace Treaty ជាមួយចិនប្រជាមានិតនោះ! ហើយ ករណីដែលចិនប្រជាមានិតទទួលយកការចុះហត្ថលេខា លើ Peace Treaty នេះ ច្បាស់ជានឹងមាន ការដោះដូរដែលគ្មានអ្វីក្រៅពីការប្រគល់កោះ Itu Abaនេះ ទៅឱ្យកងទ័ពប្រជាជនចិន កាន់កាប់នោះឯង!។
កន្លងមកកោះ Itu Aba នេះត្រូវបានតៃវ៉ាន់ បំពាក់សម្ភារយោធា កសាងឱ្យទៅជាកំពែងយោធាមួយ ដែលមាន Force Balance ទៅនឹងកម្លាំងយោធារបស់វៀតណាម និងហ្វីលីពីននៅក្នុងប៉ាស៊ីហ្វិកនេះ។ សកម្មភាពយោធាខាងលើនេះ គ្រាន់តែជាល្បែងនយោបាយយោធាមួយរបស់តៃវ៉ាន់ ព្រោះមុននិងក្រោយកោះItu Aba នេះក៏នឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពប្រជាជនចិនមិនខានឡើយ!។ ហើយបើឆាកល្ខោននយោបាយយោធានេះ នៅបន្តអូសបន្លាយនោះ គឺប្រទេសដែលប្រឈមទៅនឹងការរត់ប្រណាំងសព្វាវុធក្នុងតំបន់នោះ គឺមានវៀតណាម និងហ្វីលីពីននេះឯង ជុំវិញការបង្កើនសមត្ថភាពយោធាការពារមកលើបណ្ដាកោះ ក្នុងប្រជុំកោះ Spratlys នោះ!។
តែទោះបីជាស្ថិត នៅក្នុងសភាពណាមួយ ក៏ដោយ ក៏ចិនប្រជាមានិត នឹងមិនចុះហត្ថលេខាលើ Peace Treaty ស្អីនោះទេ ជាមួយនឹងតៃវ៉ាន់ ព្រោះការចុះហត្ថលេខានេះជាតថភាព ជាការទទួលស្គាល់ De Facto ចំពោះតៃវ៉ាន់ ក្នុងពេលតៃវ៉ាន់ជាខេត្តមួយរបស់ចិន ពុំមែនរដ្ឋឯករាជ្យឡើយ! ម្យ៉ាងវិញទៀត កោះមួយភាគធំនៅក្នុងប្រជុំកោះ Spratlys សុទ្ធតែជាដែនកោះក្នុងអធិបតេយ្យភាពរបស់ចិនទាំងអស់ រួមទាំងកោះតៃវ៉ាន់ Itu Aba ទៀតផង!។
ហើយពិតមែនតែ មានប្រតិកម្ម នៅចំពោះមុខនៃឥរិយាបថ នយោបាយ របស់ពួកអ្នកកាន់់អំណាច របស់តៃវ៉ាន់ថ្មីៗនេះ ក៏ដោយ ក៏អាទិភាពចម្បងរបស់ចិន ចំពោះតៃវ៉ាន់ក្នុងបច្ចុប្បន្ន និងក្នងពេលខាងមុខ គឺមិនទុកលទ្ធភាព ឱ្យដែនកោះមួយនេះ ប្រកាសឯករាជ្យ តែក៏មិនប្រើកម្លាំងបាយ ដើម្បីឯកភាពទឹកដីផងដែរ! ចំពោះអាមេរិកវិញ ទោះបីជាបានសម្ដែង ការគាំទ្រចំពោះ តៃវ៉ាន់ក៏ដោយ ក៏អាមេរិកបានដឹងថាមិនអនុញ្ញាតឱ្យបក្សសម្ព័ន្ធរបស់ពួកខ្លួនដើរហួស “បន្ទាត់ក្រហម” របស់ប៉េកាំង ក្នុងការគាំទ្រតៃវ៉ាន់ឡើយ!៕
ដោយ ហើស សិរិធន