Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ជិត ៤០ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.១៦៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៣៩៨.១៨៥នាក់ ហើយជាប្រទេសដែលមាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។

ក្រសួងបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញ មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន ៧៩.៧២៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់ ១៤.៥២១.២៨៩នាក់ ។

ក្នុងខែមេសានេះ ជាខែដែលមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ដែលមានអ្នកស្លាប់ប្រមាណ ៧០.០០០នាក់ បានរាយការណ៍ឲ្យដឹង ធៀបនឹងចំនួនអ្នកស្លាប់ក្នុងខែមីនា មានចំនួន ៦៦.០០០នាក់ ។

ភាគអាគ្នេយ៏នៃប្រទេស រដ្ឋសៅប៉ូឡូ មានពលរដ្ឋរស់នៅដល់៤៦លាននាក់ ដែលជារដ្ឋរងគ្រោះធ្ងន់ជាងគេ ដោយមានអ្នកស្លាប់ចំនួន ៩៤.៦៥៦នាក់ និងអ្នកឆ្លងជំងឺ ២.៨៧៣.២៣៨នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top