ព័ត៌មានអន្តរជាតិ

ស្ថានភាពជំងឺកូវីដ-១៩ នៅឥណ្ឌា កាន់តែអាក្រក់ទៅហើយ ខណៈអ្នកឆ្លងថ្មីត្រឹម ២៤ម៉ោង មានរហូតដល់ទៅជិត ៤០ម៉ឺននាក់

ញូវដេលី ៖ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានឈានដល់ ១៨,៧៦២,៩៧៦ លាននាក់នៅថ្ងៃសុក្រនេះ ខណៈដែលករណីថ្មីចំនួន ៣៨៦,៤៥២ករណី ត្រូវបានកត់ត្រាក្នុង កំឡុងពេល ២៤ ម៉ោងកន្លងមកនេះ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះ មានអ្នកស្លាប់ចំនួន ៣,៤៩៨ នាក់នៅទូទាំងប្រទេសចាប់តាំង ពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ២០៨ ៣៣០ នាក់។

មានករណីសកម្មសរុបចំនួន ៣,១៧០,២២៨ ករណី នៅក្នុងប្រទេសឥណ្ឌា ដោយមានការកើនឡើងចំនួន ៨៥,៤១៤ ករណីរហូតដល់ថ្ងៃព្រហស្បតិ៍ ខណៈមនុស្ស ១៥,៣៨៤,៤១៨ នាក់ត្រូវបានព្យាបាល ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស។

ទីក្រុងដេលី ត្រូវបានគេដាក់នៅក្រោម ការចាក់សោរយៈពេលមួយសប្តាហ៍ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី០៣ ខែឧសភា។ ចំនួនករណីសកម្មប្រចាំថ្ងៃ បានកើនឡើងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍កន្លងមកនេះ។ នៅក្នុងខែមករា ចំនួនករណីប្រចាំថ្ងៃនៅក្នុងប្រទេសនេះ បានធ្លាក់ចុះដល់ក្រោម ១០,០០០នាក់ ។

រហូតមកដល់ពេលនេះ កម្រិតថ្នាំបង្ការជាង ១៥២ លានដូស (ឬ១៥២,២៤៥,១៧៩ដូស) ត្រូវបានផ្តល់ជូនប្រជាជននៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាល សហព័ន្ធ បានបង្កើនទីតាំងធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។

យោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយក្រុមប្រឹក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រឥណ្ឌា នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ការធ្វើតេស្តចំនួន ២៨៦,៣៩២,០៨៦ ត្រូវបានធ្វើឡើង រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងនោះការធ្វើតេស្តចំនួន ១,៩២០,១០៧ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍តែមួយថ្ងៃប៉ុណ្ណោះ៕

ដោយ ឈូក បូរ៉ា

To Top