ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចសេតវិមាន នៅខែក្រោយ

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងធ្វើដំណើរទស្សនកិច្ចសេតវិមាន នៅថ្ងៃទី២១ ខែឧសភា ដើម្បីធ្វើការពិភាក្សាគ្នាជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បង្ហាញឲ្យឃើញនូវ សម្ពន្ធភាពដ៏រឹងមាំដូចដែក រវាងប្រទេសទាំងពីរ នេះបើតាមការនិយាយរបស់សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយប្រាប់យ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន ទងន្ទឹងរង់ចាំធ្វើការងារ ជាមួយលោកប្រធានាធិបតី មូន ដើម្បីពង្រឹងបន្ថែមទៀត នូវសម្ពន្ធភាពរបស់យើង និងពង្រីកសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរបស់យើង”។

ចំណែក លោក Chung Man-ho ជារដ្ឋលេខាធិការព័ត៌មាន ជាន់ខ្ពស់របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយប្រាប់សន្និសីទកាសែតមួយថា មេដឹកនាំទាំងពីរ នឹងធ្វើការបញ្ជាក់ជាថ្មី ស្តីពីភាពរឹងមាំនៃសម្ពន្ធភាពរបស់ប្រទេស និងទន្ទឹងពង្រីកសហប្រតិបត្តិការ ដ៏ទូលំទូលាយចំពោះគ្នា ផ្អែកលើភាពជាមិត្តរបស់ប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានដកស្រង់សម្តីលោក Chung Man-ho ថា ការសម្រេចិត្តរបស់លោក មូន និងលោក បៃដិន ដែលនឹងត្រូវធ្វើឡើងក្នុងជំនួបកំពូលផ្ទាល់ បើទោះជាមានស្ថានភាពលំបាក ដោយសារតែការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ក៏ដោយនោះ បង្ហាញឲ្យឃើញនូវភាពសំខាន់នៃ សម្ពន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top