ការប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា បណ្តាញទូរទស្សន៍ ក្នុងស្រុកមួយបានរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ចំនួន០៤នាក់ បានស្លាប់ និង១០នាក់ បានរងរបួស និង០៥នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងអំឡុងពេលមានករណីផ្ទុះឆេះរថយន្តដឹកប្រេងចំនួន១គ្រឿង នៅក្រុងកាប៊ុល រដ្ឋធានីរបស់ប្រទេស អាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសៅរ៍ ។
ទូរទស្សន៍ Tolo News TV បានរាយការណ៍ថា អគ្គីភ៍មួយបានកើតឡើង ក្រោយពីមានករណី ផ្ទុះរថយន្តដឹកប្រេង នៅលើផ្លូវហាយវេស៏ តភ្ជាប់ក្រុងកាប៊ុលទៅកាន់ ខេត្តភាគខាងជើង ជាកន្លែងដែលមានរថយន្តដឹកប្រេងប្រមាណ ៥០គ្រឿង បានចតដើម្បីច្រកក្រុងកាប៊ុល ។
ការផ្ទុះឡើងជាលើកដំបូងនោះ គឺបានបង្កឲ្យមានការផ្ទុះតៗគ្នា នៅក្នុងតំបន់ នៅក្នុងស្រុក Shakar Dara ស្ថិតនៅភាគខាងជើងនៃតំបន់ជាយក្រុង ដែលបានរងផលប៉ះពាល់ និងបំផ្លាញរថយន្តដឹកប្រេង តិចបំផុត៥០គ្រឿង ។ នៅស្ថានីយបូមប្រេងមួយកន្លែង ហាងលក់ទំនិញមួយចំនួន និងផ្ទះជាច្រើនខ្នង ក៏ត្រូវបានបំផ្លាញនៅក្នុងឧប្បត្តិហេតុនេះដែរ ។
អង្គភាពពន្លត់អគ្គីភ័យមួយ ចំនួនកំពុងធ្វើការនៅក្នុងតំបន់ដើម្បីពន្លត់ភ្លើង និងបានជួយពលរដ្ឋដែលរងផលប៉ះពាល់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ឧប្បត្តិហេតុនេះអាចកើតឡើង ដែលបង្កឡើងដោយ សកម្មភាពភេរវករមួយ ខណៈដែលតៃកុងឡាន ដឹកទំនិញមួយគ្រឿងបាននិយាយថា ការផ្ទុះឡើង បានបង្កឡើង ដោយការគ្រវែងគ្រាប់បែកមួយ ដែលមកប៉ះនឹងរថយន្តមួយគ្រឿង ក្នុងចំណោម រថយន្តទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា