ព័ត៌មានអន្តរជាតិ

យន្តហោះចារកម្មអាមេរិក ហោះហើរក្បែរកូរ៉េខាងជើង

បរទេស៖ យន្តហោះចារកម្មកងទ័ពជើងទឹក និងកងទ័ពជើងអាកាសអាមេរិក តាមសេចក្តីរាយការណ៍ បានហោះហើរនៅក្បែរ ប្រទេសកូរ៉េខាងជើងជាច្រើនដង នៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលដែលទីក្រុងព្យុងយ៉ាង ធ្វើការថ្កោលទោសគោលនយោបាយ លើកូរ៉េខាងជើង របស់ទីក្រុងវ៉ាស៊ីនតោន ហើយរូបភាពផ្កាយរណបដ៏ថ្មីបំផុត បង្ហាញឲ្យឃើញនូវសកម្មភាព នៅកន្លែងផលិតនាវា Nampo។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍នៅថ្ងៃអង្គារថា ក្រុមតាមដានយន្តហោះ RadarBox បានបង្ហាញទិន្នន័យនៃ សកម្មភាពហោះហើរនៃយន្តហោះចារកម្ម Joint STARS E-8C របស់កងទ័ពអាកាសអាមេរិក និងយន្តហោះចារកម្ម EP-3E Aries របស់កងទ័ពជើងទឹកអាមេរិក ដែលយន្តហោះចារកម្មទាំងពីរគ្រឿងនេះ ត្រូវបានគេបញ្ជូនឲ្យហោះហើរក្បែរកូរ៉េខាងជើង នៅចុងខែមេសា។

យន្តហោះចារកម្ម បានហោះពីលើសមុទ្រលឿង ស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ កាលពីថ្ងៃទី២៥ ទី២៨និង២៩ ខែមេសា ចំណែកយន្តហោះចារកម្ម EP-3E បានហោះហើរពីលើឧបទ្វីបកូរ៉េនៅថ្ងៃទី២៧ ខែមេសា។

ក្រៅពីនោះ តាមសេចក្តីរាយការណ៍ ក្រុមតាមដានយន្តហោះ ក៏បានបង្ហាញថា យន្តហោះចារកម្មទាំងពីរគ្រឿង ត្រូវបានបញ្ជូនឲ្យហោះហើរនៅថ្ងៃអាទិត្យ នៅពេលដែលទីក្រុងព្យុងយ៉ាង ចេញសេចក្តីថ្លែងការណ៍ផ្សេងគ្នាចំនួន៣ រិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top