អាមេរិក៖ ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សសហរដ្ឋអាមេរិក Facebook បានគាំទ្រការបន្តផ្អាកលើ អតីតប្រធានាធិបតីអាមេរិក Donald Trump ដើម្បីរឹតត្បិតការ ផុសរបស់លោក នេះយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ក្រុមប្រឹក្សាភិបាលបាន អនុម័តសេចក្តីសម្រេចរបស់ Facebook នៅថ្ងៃទី ៧ ខែមករាដើម្បីរឹតត្បិតការផុសរបស់លោក Trump ក្នុងការបង្ហោះមាតិកានៅលើទំព័រ Facebook និងគណនី Instagram របស់លោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Trump បានហៅការហាមឃាត់ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងបន្តរបស់លោកថា ជាភាពអាម៉ាស់ទាំងស្រុង។
លោក Trump ត្រូវបានហាមឃាត់មិនឲ្យចូល ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បន្ទាប់ពីអ្នកគាំទ្ររបស់លោកបាន សម្រុកចូលកាពីតូលអាមេរិកកាលពីថ្ងៃទី ៦ ខែមករា។ Twitter បាននិយាយរួចហើយថា បម្រាមរបស់ខ្លួនគឺ មានជាអចិន្ត្រៃយ៍ដោយមិនគិតពីថា តើលោកឈរឈ្មោះសម្រាប់ មុខតំណែងនាពេលអនាគតទេ ខណៈគេហទំព័រ YouTube នឹងស្តារឆានែលអតីតប្រធានាធិបតី នៅពេលហានិភ័យនៃអំពើហិង្សាបានថយចុះ។

Facebook គ្រោងនឹងប្រកាសការសម្រេចចិត្ត របស់ខ្លួនកាលពីខែមុន ប៉ុន្តែបានពន្យារពេលសេចក្តីសម្រេច ដើម្បីពិនិត្យឡើងវិញនូវការឆ្លើយតប ជាសាធារណៈចំនួនជាង ៩០០០ បន្ទាប់ពីការសម្រេចចិត្តនៅថ្ងៃនេះ លោក Trump បាននិយាយថា អ្វីដែល Facebook Twitter និង Google បានធ្វើគឺជាការអាម៉ាស់ទាំងស្រុង និងអាម៉ាស់ដល់ប្រទេសរបស់យើង៕
ដោយ៖ លី ភីលីព
