ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលៗ G-7 ជំរុញឲ្យកូរ៉េខាងជើង វិលចូលតុចរចាវិញ

វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលៗ នៃក្រុមប្រទេស ៧ (G-7) កាលពីថ្ងៃពុធបានជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកការចរចា ស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលជំរុញឱ្យទីក្រុងព្យុងយ៉ាង ចូលរួមកិច្ចពិភាក្សាអន្តរកូរ៉េផងដែរ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសក៏បានបង្ហាញ ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។

ប្រភពព័ត៌មានបានបញ្ជាក់ថា “យើងសូមអំពាវនាវដល់កូរ៉េខាងជើង ឱ្យចៀសវាងពីសកម្មភាពបង្កហេតុ និងចូលរួមក្នុងដំណើរការការទូតមួយដែលមានគោលដៅច្បាស់លាស់នៃការរំសាយអាវុធនុយក្លេអ៊ែរ”។

ប្រភពបន្ដទៀតថា “យើងនៅតែប្តេជ្ញាចិត្ត ចំពោះគោលដៅនៃការបោះបង់ចោលទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញ បាននូវរាល់អាវុធខុសច្បាប់ និងបំផ្លេចផ្លោងរបស់កូរ៉េខាងជើង”។

ក្រុមអ្នកការទូតបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយនៅចុងបញ្ចប់ នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេស និងអភិវឌ្ឍន៍របស់ប្រទេស G7 នៅទីក្រុងឡុងដ៌ថា កម្មវិធីមីស៊ីលអនុលោមតាម សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិពាក់ព័ន្ធ ៕

ដោយ ឈូក បូរ៉ា

To Top