Covid-19

រុស្ស៊ី ចាប់ដៃគូជាមួយចិន ផលិតវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Sputnik V ជាង ២៦០លានដូសក្នុងមួយឆ្នាំ

ម៉ូស្គូ៖ មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនជីវជីវសាស្រ្តរបស់ចិនចំនួន ៣ សម្រាប់ការផលិតវ៉ាក់សាំង Sputnik V របស់ខ្លួនជាង ២៦០ លានដូស ប្រឆាំងនឹងមេរោគកូវីដ-១៩ កាលពីប៉ុន្មានសប្តាហ៍មុន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ RDIF ។

កិច្ចសន្យាទី ១ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Shenzhen Yuanxing Gene-tech Co., Ltd. នៅថ្ងៃទី ២៩ ខែមីនាសម្រាប់ការផលិតជាង ៦០ លានដូសនៃវ៉ាក់សាំង Sputnik V ដែលគ្រោងនឹងចាប់ផ្តើមនៅខែនេះ។

កិច្ចព្រមព្រៀងមួយទៀត ត្រូវបានឈានដល់នៅថ្ងៃទី០១ ខែមេសា ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់មេដឹកនាំសំខាន់មួយនៅក្នុងវិស័យឱសថគឺ Tibet Rhodiola Pharmaceutical Holding ដែលមានឈ្មោះថា TopRidge Pharma សម្រាប់ការផលិតជាង ១០០លានដូសក្នុងមួយឆ្នាំ។

កិច្ចព្រមព្រៀងថ្មីបំផុតត្រូវបានឈានដល់ថ្ងៃទី ១៩ ខែមេសា ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនផលិតជីវៈ ជីវសាស្ត្រដ៏ធំរបស់ចិន គឺក្រុមហ៊ុន Hualan Biological Engineering Inc សម្រាប់ផលិតជាង ១០០ លានដូសក្នុងមួយឆ្នាំ។

កិច្ចព្រមព្រៀងទាំងបីនេះ រួមគ្នាផលិតបានជាង ២៦០ លានដូសនៃវ៉ាក់សាំង ដែលនឹងជួយសម្រួលដល់ការផ្គត់ផ្គង់ និងអាចគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំង ឱ្យបានពេញលេញដល់ប្រជាជនជាង ១៣០ លាននាក់នៅទូទាំងពិភពលោក នេះបើយោងតាម RDIF ។

លោក Kirill Dmitriev នាយកប្រតិបត្តិនៃ RDIF បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ពិតជាជួយបង្កើនសមត្ថភាពផលិតកម្ម ដោយបន្ថែមថា ប្រទេសនេះ គឺជាដៃគូសំខាន់មួយរបស់ប្រទេសរុស្ស៊ី ក្នុងវិស័យវ៉ាក់សាំងនេះ៕

ដោយ ឈូក បូរ៉ា

To Top