ព័ត៌មានអន្តរជាតិ

នាវាឆ្មាំសមុទ្រអាមេរិក បាញ់ព្រមាន ដោយកាំភ្លើងធំ លើនាវាអ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ បានឲ្យដឹងថា នាវាឆ្មាំសមុទ្រ សហរដ្ឋអាមេរិកមួយគ្រឿង បានបាញ់ព្រមានអំឡុង ពេលជួបប្រទះយ៉ាងជិតគ្នា ជាមួយកងនាវាចរឆ្មាំ បដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGCN) នៅច្រកសមុទ្រ Hormuz កាលពីព្រឹកថ្ងៃម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ៦ គ្រឿងដែលអមនាវាចម្បាំង USS Georgia ដែលជានាវាមុជទឹកមីស៊ីល នាំផ្លូវបានជួបប្រទះនឹងនាវា វាយប្រហារលឿន IRGCN ចំនួន ១៣ គ្រឿងខណៈពេលកំពុងឆ្លង កាត់ច្រកសមុទ្រ Hormuz ។

លោកបានឲ្យដឹងទៀតថា នាវាអ៊ីរ៉ង់បានចូលទៅជិតនាវា របស់សហរដ្ឋអាមេរិក ក្នុងល្បឿនលឿន ដោយចម្ងាយប្រហែល ១៣៧ ម៉ែត្រ ហើយអ្នកឆ្មាំឆ្នេរសមុទ្រអាមេរិក Maui បានបាញ់ព្រមាន ដោយកាំភ្លើងយន្តប្រហែល ៣០គ្រាប់ មុនពេលទូកអ៊ីរ៉ង់ចាកចេញ។

នេះជាការជួបគ្នាលើកទី ២ ក្នុងរយៈពេល ២ សប្តាហ៍។ កាលពីចុងខែមេសា នាវាល្បាតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាញ់ព្រមាននៅពេលដែលនាវា IRGCN បានចូលទៅជិត“ ដែនកំណត់ ដែលមិនចាំបាច់” នៅក្នុងដែនទឹកអន្តរជាតិនៃឈូងសមុទ្រ Persian។

ឧប្បត្តិហេតុនេះបានកើតឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានរឹបអូសយកអាវុធខុសច្បាប់ រាប់បញ្ចូលទាំងអាវុធ ធុនតូចរាប់ពាន់គ្រាប់ និងកាំជ្រួចមីស៊ីល ប្រឆាំងរថក្រោះរាប់សិប ដើមពីកន្លែងគ្មានមនុស្ស រស់នៅក្នុងសមុទ្រ អារ៉ាប់ខាងជើង។

នៅក្នុងនោះដែរមន្ត្រីអនាមិកម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិកថា ការស៊ើបអង្កេតដំបូងរបស់កងទ័ពជើងទឹកបានបង្ហាញថា នាវានោះមកពីប្រទេសអ៊ីរ៉ង់ ៕

To Top