យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា ស្ដារសន្តិភាព និងស្ថេរភាពឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំនេះហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃសេនាធិការយោធាការពារជាតិលោកឧត្តមសេនីយ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋដែលទើបបង្កើតថ្មី។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិលោក Guterres ក៏បានលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យធ្វើតាមយ៉ាងឆាប់រហ័ស នូវការប្តេជ្ញាចិត្តរបស់ខ្លួន និងសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា លោកក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យឆ្លើយតបនឹងតម្រូវការមនុស្សធម៌ ដែលកំពុងកើនឡើងនៅក្នុងប្រទេសនេះផងដែរ។
ប្រេសិតពិសេសរបស់អគ្គលេខាធិការ សម្រាប់ប្រទេសមីយ៉ាន់ម៉ា Christine Schraner Burgener កំពុងស្ថិតនៅក្នុងតំបន់ ហើយបន្តចូលរួមយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើន៕ដោយ ឈូក បូរ៉ា