វ៉ាស៊ីនតោន៖ អ្នកសម្របសម្រួលគោលនយោបាយ របស់សេតវិមានប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក លោកស្រី Kurt Campbell បានលើកឡើងថា សហរដ្ឋអាមេរិក យល់ពីបញ្ហាដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខដោយសារ តែកង្វះខាតវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព សម្រាប់សម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនមួយនេះ។
លោក Hwang Kyo-ahn អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានលើកឡើងថាលោកស្រី Campbell ក៏បានយល់ព្រមផងដែរក្នុងអំឡុងពេល ជួបជាមួយលោកនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីរាយការណ៍ផ្ទាល់ទៅកាន់ សេតវិមាននូវសំណើរបស់លោក សម្រាប់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ១០ លានដូស។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ប្រទេសរបស់លោកនឹងក្លាយជា “ឃ្លាំងអាវុធ” សម្រាប់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សម្រាប់ពិភពលោកដោយសន្យាថា នឹងផ្តល់វ៉ាក់សាំងដល់ប្រទេសដទៃទៀត នៅពេលដែលសហរដ្ឋអាមេរិក បានកំណត់ថា ខ្លួនមានច្រើន និងគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន។
រដ្ឋបាលលោក បៃដិន បានយល់ព្រមរួចហើយក្នុងការផ្តល់វ៉ាក់សាំង AstraZeneca រហូតដល់ ៦០ លានដូសដល់ប្រទេសដទៃទៀត ដោយភាគច្រើននៃវ៉ាក់សាំង ត្រូវបានគេរំពឹងថា នឹងឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ក្នុងពេលឆាប់ៗនេះ។
លោក Hwang បានបន្ថែមថា លោកត្រូវបានមន្ត្រីឱសថអាមេរិក និងសមាជិកសភា ប្រាប់ថាក្រុមហ៊ុនឱសថអាមេរិក គ្រោងនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង ដ៏ធំមួយជាមួយកូរ៉េខាងត្បូង នៅពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ៕
ដោយ ឈូក បូរ៉ា