បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានជំរុញក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក ឲ្យប្រឹងប្រែងបន្ថែមក្នុងការផ្តល់ ទិដ្ឋាការដល់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការងារឲ្យសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលកងកម្លាំងអាមេរិកដកចេញ។
នៅក្នុងលិខិតផ្ញើជូនលោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin លោកបាននិយាយថា “ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក មានពេញទៅដោយឧទាហរណ៍ ដែលយើងមិនយល់ឬក៏រៀបចំត្រៀមខ្លួន ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់ ដែលអាចនឹងប្រឈមចំពោះ អ្នកទាំងឡាយដែលឈរនៅជាមួយយើង និងជឿជាក់ចំពោះយើង នៅពេលមានបញ្ហាតានតឹង”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លិខិតទាំងនោះបាននិយាយផងដែរថា “យើងមានកាតព្វកិច្ចត្រឹមត្រូវ ធ្វើឲ្យកាន់តែល្អប្រសើរឡើងនៅក្នុងពេលនេះ”។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចដកកងទ័ព សហរដ្ឋអាមេរិកទាំងអស់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ ខែកញ្ញា បង្កឲ្យមានក្តីព្រួយបារម្ភអំពី សង្គ្រាមស៊ីវិលពេញលេញ ការវិលត្រឡប់មកកាន់អំណាចវិញ របស់ពួកតាលីបង់ និងការបន្តវាយប្រហារសងសឹក ចំពោះជនជាតិអាហ្វហ្គានីស្ថាន ដែលជាប់ទាក់ទងនឹងវត្តមាអាមេរិក ៕
ប្រែសម្រួល៖ ប៉ាង កុង
