សេអ៊ូល៖ ប្រទេសចិន បាននាំចេញប្រេងចម្រាញ់ប្រហែល ៥៨៧ តោនទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីខែមីនា នេះបើយោងតាមទិន្នន័យ ដែលប្រទេសនេះបានផ្តល់ទៅឱ្យ គណៈកម្មាធិការដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិ ជាលើកដំបូងក្នុងរយៈពេល ៦ខែ។
យោងតាមការធ្វើបច្ចុប្បន្នភាព ចុងក្រោយនៅលើគេហទំព័រ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីគណៈកម្មាធិការដាក់ទណ្ឌកម្ម របស់ខ្លួនលើកូរ៉េខាងជើង ទីក្រុងប៉េកាំង បានផ្គត់ផ្គង់ទីក្រុងព្យុងយ៉ាង នូវចំនួន ៤៨៩៣ បារ៉ែលស្មើនឹង ៥៨៧,៤ តោន ក្នុងខែមីនា។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់បាមឲ្យដឹងថា ចាប់តាំងពីរបាយការណ៍ចុងក្រោយ របស់ខ្លួននៅក្នុងខែកញ្ញាឆ្នាំមុន ប្រទេសចិន បានរំលងបង្ហាញពីការនាំចេញ ប្រេងប្រចាំខែរបស់ខ្លួន។
តួលេខខែមីនា តំណាងឱ្យប្រហែល ១ ភាគរយនៃបរិមាណប្រេងចម្រាញ់ ដែលប្រទេសចិន អាចផ្គត់ផ្គង់ដល់កូរ៉េខាងជើង ក្នុងមួយឆ្នាំ។
អនុម័តនៅឆ្នាំ២០១៧ បន្ទាប់ពីការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ ២៣៩៧ បានដាក់បំរាមលើបរិមាណ ប្រេងចម្រាញ់ប្រចាំឆ្នាំ ដែលអាចត្រូវបានផ្តល់ជូន ឬលក់ទៅឱ្យប្រទេសកូរ៉េខាងជើង ក្នុងបរិមាណ ៥០០,០០០ បារ៉ែលដែលស្មើនឹង ៦០០០០ ទៅ ៦៥,០០០ តោន៕
ដោយ ឈូក បូរ៉ា