បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងពិភាក្សាគ្នាជាសាធារណៈនៅថ្ងៃអាទិត្យ ពីបញ្ហាអំពើហិង្សាដ៏អាក្រក់ រវាងអ៊ីស្រាអែលនិងពួក សកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយនេះជាការសម្របសម្រួលមួយ ជុំវិញការជំទាស់របស់អាមេរិក ចំពោះកិច្ចប្រជុំនៅថ្ងៃសុក្រ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា ការរង់ចាំពីរបីថ្ងៃទៀត នឹងអនុញ្ញាតឲ្យកិច្ចការការទូតមានប្រសិទ្ធភាពខ្លះៗ និងដើម្បីឃើញថា តើយើងពិតទទួលបានភាពធូរស្រាល និងបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បើកចំហនិងគាំទ្រ ចំពោះការពិភាក្សាគ្នា ការពិភាក្សាគ្នាដោយបើកចំហ នៅអង្គការសហប្រជាជាតិ។

តាមសេចក្តីរាយការណ៍ ការប្រយុទ្ធគ្នាបានឈានចូលក្នុងថ្ងៃទី៥ នៅថ្ងៃសុក្រនេះ ដោយគ្មានសញ្ញានៃការអនថយនោះទេ អ៊ីស្រាអែលបានបាញ់កាំភ្លើងធំ និងបង្កើនការវាយប្រហារ តាមអាកាសបន្ថែមទៀត ទៅលើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស្របពេលមានការបាញ់ គ្រាប់រ៉ុកកែតជាបន្តបន្ទាប់ ចូលទៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍បែបនេះ គឺត្រូវបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ តែសហរដ្ឋអាមេរិកមិនជឿងថា វានឹងមានប្រយោជន៍នោះទេ។ រាល់សមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិទាំងអស់ ក៏ចាំបាច់ត្រូវព្រមព្រៀងគ្នាចំពោះកិច្ចប្រជុំមួយ ក្រោមច្បាប់ដែលណែនាំចំពោះប្រតិបត្តិការ នៅក្នុងអំឡុងការរាតត្បាតនៃជម្ងឺកូវីដ១៩ផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង
