សេអ៊ូល៖ អតីតមន្ត្រីសេតវិមានម្នាក់បានឲ្យដឹងកាលពី ថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញដល់ប្រទេសកូរ៉េខាងត្បូង មិនមានអ្វីរារាំងដល់ កូរ៉េខាងជើងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
លោក Jon Wolfsthal អតីតនាយកជាន់ខ្ពស់ នៃសេតវិមាន សម្រាប់ការគ្រប់គ្រងអាវុធ បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយតាមអ៊ិនធឺណិត ដោយចង្អុលបង្ហាញថា គំនិតបែបនេះនឹងមិននាំមកនូវការធានា ដែលប្រជាជនកូរ៉េខាងត្បូង ចង់បាននោះទេ។
លោកបន្ដថា “ ប្រសិនបើសហរដ្ឋអាមេរិកប្តូរទីតាំង នុយក្លេអ៊ែរឡើងវិញទៅកូរ៉េខាងត្បូង និងមានប្រតិបត្ដិការចែករំលែកនុយក្លេអ៊ែរ ដូចយើងធ្វើនៅអ៊ឺរ៉ុប តើវារារាំងកូរ៉េខាងជើង ក្រៅពីការហោះ ហើរយន្ដហោះ B-52 ពីអាមេរិក លើកូរ៉េខាងត្បូងដែរឬទេ? លោក Wolfsthal បានឲ្យដឹងនៅក្នុងវេទិកាដែលសហការរៀបចំដោយវិទ្យាស្ថាន Sejong និងបណ្តាញភាពជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក នៅក្នុងវេទិកានេះ ដែលលើកឡើងថា “ខ្ញុំមិនគិតដូច្នេះទេ” ។
សម្រាប់ទីក្រុងសេអ៊ូល បញ្ហានៃការមាន អាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់នុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហាក់ដូចជាបញ្ហានយោបាយ ច្រើនជាងបញ្ហាយោធា។
លោកបានបន្តទៀតថា ប្រភេទនៃការធានាអាច ធ្វើទៅបាននៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រក្សាសម្ព័ន្ធភាព និងទំនាក់ទំនងរឹងមាំតាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។
តាមសម្តីរបស់លោក Wolfsthal បានបញ្ជាក់ថា “ អ្វីដែលយើងចង់ធ្វើពិតប្រាកដ គឺធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានសុវត្ថិភាព និងជឿជាក់ដូច្នេះកូរ៉េខាងជើង អាចគ្មានក្តីសង្ឃឹមក្នុងការព្យាយាមបំបែកយើងចេញពី គ្នាបានឡើយ”៕