បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កំពុងសង្ឃឹមថា នឹងប្រើប្រាស់ជំនួបកំពូលដំបូង របស់លោកជាមួយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅក្នុងសប្ដាហ៍នេះ ដើម្បីស្តារកិច្ចពិភាក្សាដែលជាប់គាំង ជាយូរជាមួយកូរ៉េខាងជើង និងជំរុញសេតវិមានឲ្យចាប់ យកបញ្ហាជាមួយភាពបន្ទាន់បន្ថែម។
មន្ត្រីកូរ៉េខាងត្បូងនិយាយថា ពួកគេមានទឹកចិត្តខ្លាំងឡើង ចំពោះការពិនិត្យគោលនយោបាយថ្មីៗនេះ របស់រដ្ឋបាលថ្មី ដែលស្នើឲ្យមានការផ្តោតលើវិធានការការទូត កាត់បន្ថយភាពតានតឹង ទន្ទឹមនឹងការរក្សាគោលដៅចុងក្រោយ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង។
ប៉ុន្តែស្របពេលដែលការរាតត្បាត ឆ្លងនៃមេរោគកូរ៉ណាលើពិភពលោក ភាពលំបាកសេដ្ឋកិច្ចនិងនយោបាយក្នុងស្រុក និងវិបត្តិនយោបាយបរទេស នៅទីកន្លែងផ្សេងទៀតនោះ រដ្ឋបាលលោក បៃដិន មិនបានបង្ហាញថា ប្រទេសកូរ៉េខាងជើង ជាអាទិភាពកំពូលមួយរបស់ខ្លួននោះទេ ធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ ក្តីសង្ឃឹមរបស់លោក មូន ជេអ៊ីន។
គួរបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ការស្នាក់នៅរយៈពេល៤ថ្ងៃ ដែលនឹងរួមមានកិច្ចជំនួបកំពូលជាបន្តបន្ទាន់ ជាមួយលោក បៃដិន និងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងថ្នាក់ដឹកនាំរដ្ឋសភានានា៕
ប្រែសម្រួល៖ ប៉ាង កុង