Covid-19

កាន់តែធ្ងន់ធ្ងរហើយ ឥណ្ឌា នៅតែមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាង ៤៥០០នាក់

ញូវដេលី៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ចំនួន ៤,៥២៩នាក់ក្នុងរយៈពេលតែមួយថ្ងៃ ដែលស្ថិតនៅក្នុងភាពធ្ងន់ធ្ងរដោយសារតួលេខមានច្រើនជា ៤០០០នាក់ជារៀងរាល់ថ្ងៃ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

ចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាតប្រចាំថ្ងៃបានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារករណីឆ្លងរាលដាល ដល់ស្រុកជនបទដាច់ស្រយ៉ាល ដែលមានមណ្ឌលសុខភាពតិចតួច។

ជាមួយនឹងចំនួនអ្នកស្លាប់ចុងក្រោយនេះ ចំនួនផ្លូវការរបស់ប្រទេសឥណ្ឌាឥឡូវនេះបានកើនឡើងដល់ ២៨៣,២៤៨ នាក់ ដោយស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ជាង ៦០ ម៉ឺននាក់ និងប្រេស៊ីលមានប្រហែល ៤៤ ម៉ឺននាក់។

ទោះយ៉ាងណាអ្នកជំនាញបានលើកឡើងថា ចំនួនអ្នកស្លាប់នៅឥណ្ឌា គឺអាចខ្ពស់ជាងនេះទៅទៀត។ នៅក្នុងនោះដែថមានករណីថ្មីជាង ២៦៧,០០០ ករណីត្រូវបានបន្ថែមដោយយកចំនួននៃការឆ្លងបានកើនឡើងដល់ ២៥,៥ លាននាក់ ដែលជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។

បើសិនជាស្ថិតនៅក្នុងល្បឿននៃការឆ្លងដូចបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាអាចវ៉ាដាច់តួលេខអ្នកឆ្លងជាមួយអាមេរិក ក្នុងខែមិថុនា។

រលកចុងក្រោយបានបោកបក់ ប្រទេសឥណ្ឌាអស់រយៈពេល ៦ សប្តាហ៍ ដោយមានការខ្វះខាតគ្រែមន្ទីរពេទ្យ អុកស៊ីសែន និងថ្នាំចាំបាច់។ ចាប់តាំងពីដើមខែមេសា ចំនួនករណីឆ្លងបានកើនឡើងទ្វេដង ហើយមនុស្សជាង ១០០,០០០ នាក់បានស្លាប់។

នៅក្នុងនោះដែរអាជ្ញាធរឥណ្ឌាឲ្យដឹងថា ការរក្សាករណីថ្មីនៅក្រោម ៣០ ម៉ឺន សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នាគឺជាសញ្ញាបង្ហាញថា រលកថ្មីកំពុងធូរស្រាល៕ដោយ ឈូក បូរ៉ា

To Top