បរទេស៖ នៅថ្ងៃពុធកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ការវាយលុកតាមអាកាស បានបន្លឺឡើងម្តងទៀត នៅតំបន់ភាគខាងត្បូង នៃរដ្ឋជ្វីហ្វ ខណៈដែលគ្រាប់រ៉ុក្កែតថ្មីមួយ ត្រូវបានបាញ់ដោយក្រុមហាម៉ាស ពីតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពការទូតមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអះអាងថា ប្រទេសបារាំង រួមជាមួយប្រទេសជាច្រើនទៀត មាន ប្រទេស ទុយនីស៊ី អេហ្ស៊ីប និង ប្រទេសហ្ស៊កដានី កំពុងរៀបចំសេចក្តីព្រាង ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងអំពាវនាវ ឱ្យមានបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជារៀបចំច្រករបៀងមនុស្សធម៌ នៅក្នុងតំបន់ជម្លោះ។
ប្រភពបានបន្ថែមថា “ វាត្រូវបានសរសេរ ដើម្បីអាចទទួលយក បានសម្រាប់មនុស្សគ្រប់គ្នា” ។
ព័ត៌មាននេះ កើតឡើងខណៈដែលទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ដំណោះស្រាយរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលអំពាវនាវឱ្យមាន បទឈប់បាញ់អ៊ីស្រាអែល – ហាម៉ាស ត្រូវបានស្នើឡើង ដោយបេសកកម្មបារាំង ទៅកាន់អង្គការ សហប្រជាជាតិ ទោះបីជាកិច្ចប្រជុំរបស់ UNSC បានបញ្ចប់កាលពីថ្ងៃអង្គារ ដោយមិនបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការកើនឡើងនេះនៃ ភាពតានតឹងរវាងរដ្ឋជ្វីហ្វ និងក្រុមសកម្មប្រយុទ្ធអ៊ិស្លាម៕ ប្រែសម្រួលៈ ណៃ តុលា
